ចំណេះដឹង! តើ​អ្វី​ទៅជា​កម្មសិទ្ធិ ហើយ​កម្មសិទ្ធិករ​មាន​សិទ្ធិ​កម្រិតណាចំពោះ​ទ្រព្យ​របស់ខ្លួន?

0

ដោយ ​វុត្ថា

ភ្នំពេញៈ កម្មសិទ្ធិ​សំដៅ​ដល់​សិទ្ធិ នៃ​ភាព​ពេញលេញ​ជា​ម្ចាស់​លើ​ទ្រព្យ ដែល​មិនមែន សំដៅ​តែ​ដីធ្លី​ប៉ុណ្ណោះ​ទេ គឺ​សំដៅ​ទៅលើ​ប្រភេទ​វត្ថុ​ទាំងអស់ ទាំង​ចលនវត្ថុ និង​អចលនវត្ថុ។ កម្មសិទ្ធិ​អាច​រាប់បញ្ចូល​ទាំង​សិទ្ធិ​ប្រើប្រាស់ សិទ្ធិ​អាស្រ័យ​ផល និង​សិទ្ធិ​ចាត់ចែង​លើ​វត្ថុ​ទាំងនេះ។

យោងតាម​ផ្លូវច្បាប់​កម្ម​សិទ្ធិ កើតចេញពី​ការកាន់កាប់​ស្របច្បាប់ ឬ​ការ​បានមក​តាមផ្លូវ​ច្បាប់​ដូចជា​តាមរយៈ​ការទិញ​ការដូរ ឬ​ការ​ឲ្យ​ដែល​ស្របតាម​ច្បាប់។ ការ​បានមក​នូវ​ទ្រព្យ​ណាមួយ​ដែល​មិន​ស្របតាម​ច្បាប់ គឺ​មិនអាច​កើតជា​កម្មសិទ្ធិ​ទេ។

ជាទូទៅ​ច្បាប់​កំណត់​អំពី​លក្ខណៈ​នៃ​ការទិញ ការដូរ​ឬ​ការ​ឲ្យ​ដែល​ស្របច្បាប់​ក្នុង​គោលបំណង​ការពារ​អ្នក​ផលិត អ្នកទិញ អ្នក​ដូរ​ឬ​អ្នក​ឲ្យ។ ឧទាហរណ៍ អ្នក​បាន​ទិញ​ដី​ពី​គេ ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​លើដី​នោះ។

ជាទូទៅ​នៅពេលដែល​បុគ្គល​ណាមួយ មានឈ្មោះ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យ​ណាមួយ​នោះ វា​ក៏​បង្កើតបាន​នូវ​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ នោះ​ដល់​កម្មសិទ្ធិករ​ផងដែរ។ តាមន័យ​ច្បាប់ សិទ្ធិ​គឺជា​អំណាច​តាមផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​សកម្មភាព ប្រើប្រាស់ អាស្រ័យ​ផល និង​ចាត់ចែង​លើ​ទ្រព្យ​ដែលជា​កម្មសិទ្ធិ​នោះ។

ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិ​លើដី គឺជា​អំណាច​តាមផ្លូវ​ច្បាប់ ក្នុងការ​ប្រើប្រាស់ អាស្រ័យ​ផល ចាត់ចែង​លើដី​ដែលជា​កម្មសិទ្ធិ នោះ​ពេញលេញ​ស្របតាម​ច្បាប់ ឬ​អាច​និយាយថា ជា​សិទ្ធិ​ពេញលេញ​តាមផ្លូវ​ច្បាប់​ជា​ម្ចាស់​នៃ​ទ្រព្យ។ ម្យ៉ាងទៀត​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​មួយ ត្រូវបាន​ទទួលស្គាល់​ក្នុង​មាត្រា៤៤ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​ប្រទេស។

យោងតាម​មាត្រា៤៤ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា ជន​ណាក៏ដោយ ទោះជា​បុគ្គល​ក្ដី ជា​សមូហភាព​ក្ដី មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ខ្មែរ​ទេ ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី។ កម្មសិទ្ធិឯកជន​ស្របច្បាប់ ស្ថិតនៅក្រោម​ការ​គាំពារ​នៃ​ច្បាប់។ ដែល​នឹង​ដកហូត​កម្មសិទ្ធិ​ពី ជន​ណាមួយ​បាន​នោះ លុះត្រាតែ​ប្រយោជន៍​សាធារណៈ តម្រូវ​ឲ្យ​ធ្វើ​ក្នុងករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក ហើយ​ត្រូវ​ផ្ដល់​សំណង​ជាមុន​ដោយ​សមរម្យ និង​យុត្តិធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here