ដោយ វុត្ថា
ភ្នំពេញៈ កម្មសិទ្ធិសំដៅដល់សិទ្ធិ នៃភាពពេញលេញជាម្ចាស់លើទ្រព្យ ដែលមិនមែន សំដៅតែដីធ្លីប៉ុណ្ណោះទេ គឺសំដៅទៅលើប្រភេទវត្ថុទាំងអស់ ទាំងចលនវត្ថុ និងអចលនវត្ថុ។ កម្មសិទ្ធិអាចរាប់បញ្ចូលទាំងសិទ្ធិប្រើប្រាស់ សិទ្ធិអាស្រ័យផល និងសិទ្ធិចាត់ចែងលើវត្ថុទាំងនេះ។
យោងតាមផ្លូវច្បាប់កម្មសិទ្ធិ កើតចេញពីការកាន់កាប់ស្របច្បាប់ ឬការបានមកតាមផ្លូវច្បាប់ដូចជាតាមរយៈការទិញការដូរ ឬការឲ្យដែលស្របតាមច្បាប់។ ការបានមកនូវទ្រព្យណាមួយដែលមិនស្របតាមច្បាប់ គឺមិនអាចកើតជាកម្មសិទ្ធិទេ។
ជាទូទៅច្បាប់កំណត់អំពីលក្ខណៈនៃការទិញ ការដូរឬការឲ្យដែលស្របច្បាប់ក្នុងគោលបំណងការពារអ្នកផលិត អ្នកទិញ អ្នកដូរឬអ្នកឲ្យ។ ឧទាហរណ៍ អ្នកបានទិញដីពីគេ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើដីនោះ។
ជាទូទៅនៅពេលដែលបុគ្គលណាមួយ មានឈ្មោះជាម្ចាស់កម្មសិទ្ធិលើទ្រព្យណាមួយនោះ វាក៏បង្កើតបាននូវសិទ្ធិជាម្ចាស់កម្មសិទ្ធិ នោះដល់កម្មសិទ្ធិករផងដែរ។ តាមន័យច្បាប់ សិទ្ធិគឺជាអំណាចតាមផ្លូវច្បាប់ ដើម្បីធ្វើសកម្មភាព ប្រើប្រាស់ អាស្រ័យផល និងចាត់ចែងលើទ្រព្យដែលជាកម្មសិទ្ធិនោះ។
ឧទាហរណ៍ សិទ្ធិកម្មសិទ្ធិលើដី គឺជាអំណាចតាមផ្លូវច្បាប់ ក្នុងការប្រើប្រាស់ អាស្រ័យផល ចាត់ចែងលើដីដែលជាកម្មសិទ្ធិ នោះពេញលេញស្របតាមច្បាប់ ឬអាចនិយាយថា ជាសិទ្ធិពេញលេញតាមផ្លូវច្បាប់ជាម្ចាស់នៃទ្រព្យ។ ម្យ៉ាងទៀតសិទ្ធិជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុមួយ ត្រូវបានទទួលស្គាល់ក្នុងមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ប្រទេស។
យោងតាមមាត្រា៤៤ នៃរដ្ឋធម្មនុញ្ញបានចែងថា ជនណាក៏ដោយ ទោះជាបុគ្គលក្ដី ជាសមូហភាពក្ដី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដី។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិពី ជនណាមួយបាននោះ លុះត្រាតែប្រយោជន៍សាធារណៈ តម្រូវឲ្យធ្វើក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌៕