ភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេសធ្លាក់ចុះ៦៩ភាគរយក្នុងឆមាសទី១ឆ្នាំនេះ

0

        ដោយ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិចាកចេញពីកម្ពុជា ទៅប្រទេសទី២ ទី៣ មានការធ្លាក់ចុះជាបន្តបន្ទាប់ ជាក់ស្ដែងភ្ញៀវទេសចរកម្ពុជាចាកចេញទៅក្រៅប្រទេស មានការធ្លាក់ចុះរហូតដល់៦៩ភាគរយ ហើ​យកត្តាសំខាន់នោះ គឺដោយសារបណ្ដាប្រទេសគោលដៅ ទេសចរណ៍របស់កម្ពុជាមានវិបត្តិដោយសារតែជំងឺរាតត្បាតកូវីដ១៩។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា រយៈពេល៦ខែនេះ ភ្ញៀវទេសចរកម្ពុជាចេញក្រៅប្រទេស មានចំនួនតែប្រមាណ៣១ម៉ឺន១ពាន់នាក់ប៉ុណ្ណោះធា្លក់ចុះ៦៩ភាគរយ ខណៈឆ្នាំ ២០១៩កន្លងទៅពេញមួយឆ្នាំ ភ្ញៀវទេសចរកម្ពុជា ចាកចេញពីកម្ពុជាទៅទស្សនានៅតំបន់ទេសចរណ៍ ក្រៅប្រទេសមានចំនួនប្រមាណ១លាន៥ពាន់នាក់ ។

ដោយឡែកសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលចាកចេញពីកម្ពុជាទៅកាន់ប្រទេ​សទី៣ មានចំនួនប្រមាណ១លាន២៣២ពាន់នាក់ ធ្លាក់ចុះប្រមាណ៦០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ខណៈឆ្នាំ២០១៩កន្លងទៅពេញមួយឆ្នាំ ភ្ញៀវអន្តរជាតិចាកចេញពីកម្ពុជាជាង៣,១លាននាក់។

របាយការណ៍ដដែលនេះ ក៏បានបង្ហាញពីភ្ញៀវទេសចរកម្ពុជា ចេញទៅក្រៅប្រទេសក្នុងខែមិថុនាកន្លងទៅនេះផងដែរ។ ដោយក្នុងនោះភ្ញៀវកម្ពុជាចេញទៅក្រៅប្រទេសមានតែ៨៨៣នាក់ប៉ុណ្ណោះ ធ្លាក់ចុះ៩៩,៥ភាគរយ ខណៈភ្ញៀវទេសចរអន្តរជាតិចាកចេញពីកម្ពុជាក្នុងខែមិថុនា មានចំនួន១៤ពាន់នាក់ធ្លាក់ចុះ៩៦,៨ភាគរយផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ចេញផ្សាយកន្លងទៅនេះ ដោយមើលឃើញពីផលប៉ះពាល់ដោយសារតែវិបត្តិកម្ពុជា បានផ្ដល់ការលើកលែងការបង់ពន្ធអប្បបរិមា ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជារយៈពេល២ខែទៀត ពោលគឺនៅខែសីហា និងខែកញ្ញា។

បច្ចុប្បន្នក្រសួងទេសចរណ៍ ក៏ដូចជាប្រតិបត្តិករក្នុងស្រុកបានជំរុញអោយមានការធ្វើដំណើរកម្សាន្តក្នុងស្រុកបណ្ដើរៗ ដើម្បីជំរុញចរន្តការចាយវាយខណៈទេសចរ ពីខាងក្រៅនៅតែបន្តធ្លាក់ចុះក្នុងរយៈពេលជាងកន្លះឆ្នាំមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here