ដោយ ៖ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងរៀបចំតំបន់ជួរភ្នំក្រវាញ ដែលគ្របដណ្តប់លើផ្ទៃដីជាង៣,៨លានហិកតា ជាតំបន់អេកូទេសចរណ៍ នឹងក្លាយជាផលិតផលថ្មីក្នុងវិស័យទេសចរណ៍ដ៏ទាក់បំផុត។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ថា ការប្រែក្លាយតំបន់ជួរភ្នំងក្រវាញ ឱ្យទៅជាតំបន់អេកូទេសចរណ៍នាពេលនេះ គឺជាពេលដែលសមរម្យបំផុត ក្នុងការអភិវឌ្ឍវាឱ្យក្លាយជាផលិតផលថ្មី និងទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។
លោកស្រីបន្តថា “ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មានសក្តានុពលខ្ពស់ចំពោះវិស័យអេកូទេសចរណ៍ ដែលមិនទាន់បានរៀងចំឱ្យបានត្រឹមត្រូវ និងស្តង់ដារសម្រាប់ទាក់ទាញភ្ញៀវទេសចរនៅឡើយ ខណៈដែលភាគច្រើនភ្ញៀវទៅលេង តែប្រាង្គប្រាសាទដែលជាទេសចរណ៍វប្បធម៌ ដូចជាប្រាសាទអង្គរវត្ត ”។លោកស្រីបន្ថែមថា “ការរៀងចំឱ្យតំបន់ជួរភ្នំក្រវាញនេះ នឹងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកំសាន្ត កាន់តែច្រើនបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរបរទេស បើទោះបីគាត់មកលេងហើយម្តងក៏ដោយ នៅពេលដែលយើងមានផលិតថ្មីគាត់នឹងមកម្តងទៀត”។
លោកស្រីបញ្ជាក់ថា ការររៀបចំតំបន់ជួរភ្នំនេះ កាន់តែឆាប់កាន់តែល្អសម្រាប់ឱ្យក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ភ្ញៀវ ទាំងនៅក្នុងស្រុក និងក្រៅស្រុក ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្ដាហ៍នេះថា រាជរដ្ឋាភិបាល បានឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍រៀបចំយុទ្ធសាស្ត្រ ពង្រីកតំបន់អេកូទេសចរណ៍ទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីវិស័យឯកជន ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិចូលទៅកម្សាន្តតំបន់នោះឱ្យបានច្រើន។
លោកបានបញ្ជាក់ថា “ក្រសួងបរិស្ថានកំពុង បង្កើតលក្ខខណ្ឌឱ្យមានភាពកាន់តែប្រសើរ ដែលជំរុញដល់ការវិនិយោគផ្នែកទេសចរណ៍ធម្មជាតិ ឱ្យមានភាពទាក់ទាញ ដោយរៀបចំ ឱ្យមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ការតភ្ជាប់ផ្លូវ មជ្ឈមណ្ឌលភ្ញៀវទេសចរ និងសកម្មភាពពាក់ព័ន្ធនានាជាច្រើនទៀត”។ លោកបន្តថា “ពេលនេះរាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយសម្រាប់អេកូទេសចរណ៍ ដោយអនុញ្ញាតឱ្យមានការចូលរួមទាំងប្រតិបត្តិករ អេកូទេសចរណ៍ខ្នាតធំ និងតូច និងការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពអេកូទេសចរណ៍”។
យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោកបង្ហាញថា ធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប ផ្តល់ទុនយ៉ាងសំខាន់ សម្រាប់វិស័យអេកូទេសចរណ៍ ខណៈតាមការប៉ាន់ប្រមាណជាសកលបង្ហាញថា ភ្ញៀវផ្នែកអេកូទេសចរណ៍មានកំណើនប្រហែល២០ភាគរយប្រចាំឆ្នាំ។
តំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គ្របដណ្តប់លើផ្ទៃដីជាង៣,៨លានហិកតា ត្រូវបានធនាគារពិភពលោក ផ្តល់ការគាំទ្រផ្នែកថវិកា និងបច្ចេកទេស សម្រាប់គម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ក្នុងខេត្តគោលដៅមួយចំនួនមានដូចជា៖ ខេត្តពោធិ៍សាត់ កោះកុង បាត់ដំបង កំពង់ស្ពឺ កំពង់ធំ សៀមរាប និងកំពង់ឆ្នាំង តាមរយៈជំរុញសកម្មភាពការពារព្រៃឈើ និងសត្វព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃតាតៃ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ៕