រយៈពេល២ថ្ងៃខេត្តកំពតទទួលបានកំណើនទេសចរជាង៧ម៉ឺននាក់

0

ដោយ ៖ រ៉ាណេត

កំពតៈ ក្នុងរយៈពេល២ថ្ងៃនៃឱកាសឈប់សម្រាក សងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ សម្រាប់តែខេត្តកំពត ទទួលបានកំណើនទេសចរជាង៧ម៉ឺននាក់ ដែលមានកំណើនលើសថ្ងៃទី១ជិតទ្វេដង។

យោងតាមមន្ទីរទេសចរណ៍ខេត្តកំពត ដែលបានបង្ហាញទិន្នន័យនៃនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះបានឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនៃឱកាសឈប់សម្រាកនេះមានទេសចរជាង៧ម៉ឺននាក់ បានចូលទៅកម្សាន្តនៅតាមតំបន់នានាទូទាំងខេត្ត រហូតធ្វើឱ្យខ្វះការផ្គត់ផ្គង់ផ្នែកសេវាស្នាក់នៅរយៈពេលខ្លី បើទោះជានៅតំបន់ខ្លះត្រូវបានបោះតង់ក៏ដោយ។

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២០) ភ្ញៀវទេសចរបានទៅកម្សាន្ត តាមគោលដៅទេសចរណ៍នានានៅខេត្តកំពតចំនួន៧០.៧៨៧នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន៧០.៣៨៣នាក់ និងភ្ញៀវបរទេសចំនួន ៤០៤នាក់។ ដោយឡែកចំពោះស្ថានភាពទូទៅនៅតែបន្តរក្សាបានសភាពល្អប្រសើរ។

ជាមួយនេះដែរ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមការងា​រមន្ទីរទេសចរណ៏ខេត្តកំពត បានសហការជាមួយផ្នែកពាក់ពន្ធ័ ចុះជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល នៅតាមរមណីយដ្ឋាន សហគមន៍ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្តយ៉ាងសកម្ម។

នៅព្រឹកថ្ងៃជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញឱ្យដឹកផងដែរថា នៅថ្ងៃទី២នៃការឈប់សម្រាកនេះ ទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេស មានរហូតដល់ជាង២៧ម៉ឺននាក់ ដែលជាចំនួនដ៏ច្រើនបំផុត រហូតមានតំបន់កម្សាន្តខ្លះត្រូវបានបិទបន្ទាប់ពីសង្កេតឃើញ ការអនុវត្តវិធានការមានភាពចន្លោះប្រហោង ជាក់ស្ដែងដូចជាតំបន់កម្សាន្ត ផាប់ស្ត្រីត នៅខេត្តសៀមរាបជាដើម។

នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរបញ្ជាក់ថា ក្នុងថ្ងៃទី២នាឱកាសឈ​ប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ១៨ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលចេញដើរទស្សនាកម្សាន្ត នៅទូទៅប្រទេសមានចំនួន ២៧៧,០៧៨នាក់ កើនឡើង១៨.៧៥ភាគរយ ធៀបនឹងថ្ងៃទីមួយម្សិលមិញ ក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងរាជធានី-ខេត្តដទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here