អាគារខ្ពស់ៗនៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​កំណើន​ជិត ១៥០០អាគារ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ គិត​មក​ត្រឹម​សប្ដាហ៍​ទី១ នៃ​ខែកញ្ញា ឆ្នាំ២០២០នេះ កំណើន​នៃ​ចំនួន​សំណង់​អាគារខ្ពស់ៗចាប់ពី៥ជាន់ឡើង ទៅ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​កើនឡើង​ជិត ១៥០០អគារ ខណៈដែល​កាលពី​ឆ្នាំ២០១៨ មាន​ត្រឹម​ជាង ១០០០អគារ​តែប៉ុណ្ណោះ។

យោងតាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា គិត​ត្រឹម​ដើមខែ​កញ្ញា ឆ្នាំ២០២០នេះ កំណើន​នៃ​ចំនួន​អគារខ្ពស់ៗ ដែលមាន​កម្ពស់​ចាប់ពី៥ជាន់ឡើង ទៅ​មាន​កំណើន​រហូតដល់ ១៤៨៤អគារ នៅក្នុង ១៤ខណ្ឌ ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ក្នុងនោះ​អគារ​ដែលមាន​កម្ពស់ ចាប់ពី ៥ជាន់​ដល់ ៩ជាន់ មាន​ចំនួន ៨១៥អគារ។

ដោយឡែក អគារ​ដែលមាន​កម្ពស់​ចាប់ពី១០ជាន់ ដល់១៩ជាន់​មាន​ចំនួន៤០៦អគារ ហើយ​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី២០ដល់ ២៩ជាន់ មាន​ចំនួន ១០៧អគារ។ អគារ​ដែលមាន​កម្ពស់​ចាប់ពី៣០ដល់ ៣៩ជាន់ មាន​ចំនួន៥៩អគារ និង​អគារ​ដែលមាន​កម្ពស់​ចា​ប់​ពី៤០ជាន់​ឡើងទៅ​មាន​ចំនួន៣៧អាគារ។

លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ភាព​មោទន​ចំពោះ​ភាព​រីកចម្រើន ដែល​បញ្ជាក់​ពី​សមិទ្ធផល​នៃ​អនុវត្តន៍​តាម​ប្លង់គោល នៅតាម​ខណ្ឌ​ទាំង ១៤ខណ្ឌ ប្រកបដោយ​ជោគជ័យ។

ដោយឡែក​ចំពោះ​ការបញ្ជាក់​ពី​ទូរលេខ នៃ​ចំនួន​អគារ​ដែលមាន​កម្ពស់​ខ្ពស់​ចាប់ពី ៥ជាន់​ទៅដល់៤០ជាន់ឡើង ដែលមាន​រហូត​ទៅដល់ ១៤៨៤ អគារ​ខាងលើនេះ លោក​ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

នៅក្នុង​ចំណោម​អគារ​ចំនួន១៤៨៤ នៅ​ទូទាំង​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​គេ​ដឹងផង​ដែរ​ថា មាន​អគារ​ខុន​ដូ ឬ​លំនៅដ្ឋាន​សហកម្មសិទ្ធិ​សរុប៦០គម្រោង និង​អគារ​អា​ផាត​ម៉ិ​ន​មាន​ជាង ៤០០អគារ។

លោក ឡៅ​ទិព្វ សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ធ្លាប់បាន​មានប្រសាសន៍ថា ស្ថានភាព​ទីផ្សារ​វិស័យ​សំណង់ គឺមាន​ភាពល្អប្រសើរ ពិសេស​ទីផ្សារ​ដីធ្លី វិស័យ​លំនៅដ្ឋាន និង​អគារ​ខ្ពស់។ វិស័យនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ នៅ​ក្នុងការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​បាន​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ។

លោក​បញ្ជាក់ទៀតថា “វិស័យនេះ​បាននិងកំពុង​ផ្តល់​ការងារ និង​បទពិសោធន៍ ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ការងារ​បច្ចេកទេស ដល់​អ្នកជំនាញ​នៅ​កម្ពុជា​បាន​មួយកម្រិត​ធំ” ។ លោក​បន្តថា “សំណង់​អគារខ្ពស់ៗនៅក្នុង​ភ្នំពេញ​សព្វថ្ងៃ បាន​ចូលរួមចំណែក​បង្ហាញ​ពី​សក្តានុពល​របស់​កម្ពុ​ជា ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សកម្មភាព​ទិញ​លក់​នៅក្នុង​វិស័យ​អ​លន​ទ្រព្យ” ។

លោក​បន្តថា ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុ​ជាមាន​អគារខ្ពស់ៗកើនឡើង​ច្រើន ដែល​បង្ហាញឱ្យឃើញ​ពី​ជំនឿ​ទុកចិត្ត ចំពោះ​រាជរដ្ឋាភិបាល​ក្រមការ​ដឹកនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here