ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងកំឡុងពេលនៃការរៀបចំគោលការ៍ សម្រាប់បន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េជុំទី៣ខាងមុខនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីក្ដីរំពឹងថា កម្ពុជានឹងទទួលបានក្រុមហ៊ុនវិនិយោគ ផ្នែកសំណង់ និងអចលនទ្រព្យថ្មីៗពីកូរ៉េបន្ថែម ក្រោយកិច្ចចរចារដ៏មានសារសំខាន់មួយនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ថា ភាពល្អប្រសើរ និងផលប្រយោជន៍ជាច្រើនដែលកម្ពុជា នឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-កូរ៉េ ដែលក្រៅពីមានភាពងាយស្រួល ក្នុងធ្វើពាណិជ្ជទ្វេភាគីក្រោមការរួចផុតរបាំងពន្ធ កម្ពុជាក៏អាចទទួលបានគម្រោងវិនិយោគថ្មីៗទៀត នៅក្នុងវិស័យសំណង់ បន្ថែមពីលើក្រុមហ៊ុនដែលមានស្រាប់។
លោកឧកញ៉ាបញ្ជាក់ថា “ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ភាគីនៃប្រទេសទាំង២ នឹងទទួលបានផលប្រយោជន៍រួមគ្នាជាច្រើន ដែលក្រៅពីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសក្នុងតំបន់ ថែមទាំងមានលទ្ធភាពខ្ពស់ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគផងដែរ។ នៅក្នុងនោះ វិស័យសំណង់ក៏ទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះផងដែរ” ។
កាលពីពេលកន្លងទៅ ក៏ដូចជានៅពេលបច្ចុប្បន្ន សម្រាប់វិស័យសំណង់នៅកម្ពុជា យើងឃើញមានក្រុមហ៊ុនកូរ៉េធំៗជាច្រើន ដែលបណ្តាក់វិនិយោគ ដោយផ្ទាល់លើការអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះ ដូចជាគម្រោងសំណង់អគារ Golden Tower 42, គម្រោងទីក្រុង Star City Cambodia, គម្រោង Booyoung Town ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី គម្រោងក្រុងរណប Camko City នៅខណ្ឌឬស្សីកែវ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍សំណង់ អគារពាណិជ្ជកម្មកម្រិតខ្ពស់ជាច្រើនទៀត ដែលមានតម្លៃរាប់ពាន់លានដុល្លារ និងជាប់លំដាប់ទី៣លើការវិនិយោគវិស័យសំណង់នៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បន្តថា “វាជាការពិត ក្រោយពេលបញ្ចប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េប្រកបដោយភាពជោគជ័យ យើងមិនត្រឹមតែទទួលបានផលចំណេញ លើការនាំចេញផលិតផលទៅកាន់ប្រទេសកូរ៉នោះទេ” ។ លោកបន្តថា “ប៉ុន្តែថែមទាំងអាចទាក់ទាញក្រុមហ៊ុនវិនិយោគវិស័យសំណង់ មកពីបណ្តាប្រទេសនានាជាច្រើនទៀតឱ្យកាន់កម្ពុជា ដើម្បីធ្វើជាទីតាំងផលិត សម្រាប់នាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារកូរ៉េ តាមរយៈការកាត់បន្ថយរបាំងពន្ធគយ និងរបាំងមិនមែនពន្ធគយ” ។
លោកបន្តថា “ដូច្នេះសម្រាប់អត្ថប្រយោជន៍របស់កម្ពុជា គឺចំណេញលើចំណេញទ្វេដង” ៕