សម្តេចតេជោជំរុញឱ្យអាជ្ញាធរកសាងកំពង់ផែទេសចរណ៍មួយនៅក្បែរមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ

0

ដោយវត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តកណ្តាលសិក្សាពីលទ្ធភាពកសាងកំពង់ផែទេសចរណ៍ថ្មីមួយនៅតាមដងទន្លេនៅក្នុងស្រុកកៀនស្វាយជាប់នឹងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ក្នុងស្រុកកៀនស្វាយកាលពីម្សិលមិញនេះ បានបញ្ជាក់ថា ការកសាងកំពង់ផែទេសចរណ៍មួយទៀត នៅជាប់នឹងមជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ដើម្បីជំរុញកំណើនទេសចរ ខណៈដែលវិស័យមួយនេះទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង។

សម្ដេចតេជោថ្លែងថា “ព្រីនស៍ មាណ័រ ក៏បានវិនិយោគលើតំបន់ទាក់ទាញមួយដែលជំរុញដល់វិស័យទេសចរណ៍កម្ពុជា ហើយក្នុងហ្នឹងក៏មានបង្ហាញផលិតផលកសិកម្មផងដែរ ខ្ញុំក៏សូមលើកទឹកចិត្តធ្វើបន្តទៀត”។

សម្តេចតេជោ បន្ថែមថា “កន្លែងនេះ ខ្ញុំជឿថាថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានអ្នកទេសចរតាមច្រកហ្នឹង ហើយចេញពីហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើដើម្បីតភ្ជាប់គ្នា នៃរបៀងនាវាទេសចរណ៍ ដែលអាចឱ្យនាវាទេសចរណ៍ចូលមកចត យើងមាននាវាទេសចរណ៍ ។ ខ្លះចូលលេងក្នុងហ្នឹង ម៉ាយប់ពីរយប់ ព្រោះគេមានសណ្ឋាគារស្នាក់នៅកន្លែងនោះផងដែរ”។

ជាមួយនឹងការកសាង កំពង់ផែទេសចរណ៍នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន និងអាជ្ញាធរខេត្តកណ្តាល រួមគ្នាសិក្សា និងសម្រួល ធ្វើយ៉ាងណាឱ្យគម្រោងនេះ ទទួលបានជោគជ័យ ដើម្បីសម្រួល់ការធ្វើដំណើរតាមនាវាទេសចរណ៍(ផ្លូវទឹក) (មកកម្សាន្តមកាន់មកមជ្ឈមណ្ឌល Prince Manor នេះ ។

សម្តេចតេជោថ្លែងបន្ថែមថា “ នេះ គ្រាន់តែផ្តល់មតិសម្រាប់អភិវឌ្ឍន៍ និងការកសាងកំពង់ផែទេសចរណ៍ ហើយក្រសួងសាធារណការ និងអាជ្ញាធរខេត្តកណ្តាល គប្បីសម្រួលដល់ការកសាង ប្រសិនបើមានសំណូមពរឱ្យមានកសាង”។

នាយកខុទ្ធកាល័យនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក គង់ វិមាន ក៏បានស្វាគមន៍ចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យក្រសួងធ្វើការសិក្សាពីលទ្ធភាពក្នងការកសាងកំពង់ផែទេសចរណ៍នេះ តែយ៉ាងណាលោកថា រង់ចំាមន្ត្រីជំនាញធ្វើការសិក្សាជាមុនសិន និងដាក់ជូនថ្នាក់ដឹកនំាសម្រេចបន្ត។

លោកបន្ថែមថា “ថ្នាក់ដឹកនាំក្រសួងគាំទ្រការលើកឡើងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន តែយ៉ាងណា គម្រោងនេះ ត្រូវការសិក្សាពីមន្ត្រីជំនាញជាមុនសិន ដើម្បីដឹងពីលទ្ធភាពនៃការចំណាយជាក់ស្តែង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here