ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គរសៀមរាប ត្រូវបានកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ក្នុងតំបន់អាស៊ានទទួលស្គាល់ និងប្រកាសជាផ្លូវការក្នុងនាមជា “ក្រុងវប្បធម៌អាស៊ាន”នៅក្នុងអាណត្តិថ្មី ឆ្នាំ២០២១-២០២២ ខាងមុខនេះ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ «ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខ សម្រាប់វិស័យវប្បធម៌ និងសិល្បៈ» តាមរយៈប្រព័ន្ធវីដេអូ ក្នុងនាមកម្ពុជាជាប្រធានប្តូរវេនកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកវប្បធម៌ និងវិចិត្រសិល្បៈអាស៊ានលើកទី៩ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានសម្រេចប្រកាសក្រុងសៀមរាបជាទី «ក្រុងវប្បធម៌អាស៊ាន»។
ពិតណាស់ថា ការជ្រើសរើសទីក្រុងសៀមរាបជាទី «ក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ប្រាប់នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ថា វាជាកិត្តិយសរបស់កម្ពុជា និងគួរតែទទួលបាននូវតំណែងមួយនេះ ព្រោះតំបន់សៀមរាបអង្គរមានភាពអច្ឆរិយៈ និងស្រស់ស្អាតគ្មានពីរ ជាពិសេស ជាតំបន់ទេសចរណ៍ឯកដែលតំណាងឱ្យប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថា “សៀមរាបអង្គរ មានទីកន្លែងអស្ចារ្យជាច្រើន រួមទាំងតំបន់វប្បធម៌ តំបន់ធម្មជាតិយ៉ាងសម្បូរបែប។ ប៉ុន្តែអ្វីដែលសំខាន់ ខ្ញុំគិតថា ក្រៅពីការទទួលបាននូវតំំណែងមួយនេះ ដែលអាចមានឱកាសផ្សព្វផ្សាយពីកម្ពុជាបានយ៉ាងទូលាយ យើងក៏គួរតែបង្កើត និងកែច្នៃបន្ថែមទៅលើផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត”។
លោកស្រីបន្តថា “ប្រសិនបើទេសចរមកដល់សៀមរាប មើលតែតំបន់អង្គរ ហើយក៏ត្រឡប់ទៅវិញ ឬទៅជិះទូកមើលពពួកត្រីទឹកសាបនៅទន្លេសាបរួមក៏វិលត្រឡប់ទៅវិញ កម្ពុជាមិនអាចបង្កើនចំណូលពីវិស័យទេសចរណ៍បាននោះទេ។ មានន័យថា យើងគួរតែច្នៃបន្ថែម បង្កើតបន្ថែមទៀតទាំងទីកន្លែងកម្សាន្ត ទាំងការ្តលសេវាកម្ម ក៏ដូចជាទីផ្សារទេសចរណ៍ផ្សេងៗទៀត ដែលយើងអាចមានលទ្ធភាពធ្វើទៅបាន នោះទើបជាផលចំណេញរបស់កម្ពុជា”។
ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ បានឯកភាពគ្នាឲ្យប្រទេសនីមួយ ដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នា នៃវប្បធម៌របស់ប្រទេសនីមួយៗ ដែលជាសមាជិកអាស៊ាន ដោយការជ្រើសរើសនេះមានសុពលភាពរយៈពេល២ឆ្នាំ៕