ដំណឹងល្អ! សម្តេចតេជោអនុញ្ញាតឱ្យធ្វើចរាចរណ៍ផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅជាបណ្តោះអាសន្ន

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ននូវផ្លូវក្រោមដីនៅតំបន់រង្វង់មូលចោមចៅដែលមានប្រវែងសរុប ៤៨៨ម៉ែត្រ និងទទឹង៨,៥ បន្ទាប់ពីបានអ៊ុតកៅស៊ូ និងប្រព័ន្ធអគ្គិសនីរួចរាល់ តបតាមការស្នើសុំពីអភិបាលរាជធានីភ្នំពេញ ដើម្បីកាត់បន្ធយការកកស្ទះចរាចរណ៍ដែលតែងកើតមានជាប្រចាំ។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់ទៅតំបន់អភិវឌ្ឍន៍កោះនរា និង ស្ពានបេតុង ខ្សែកាប ពីតំបន់អភិវឌ្ឍន៍កោះនរា ទៅកាន់ទីក្រុងកោះពេជ្រនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា នៅថ្ងៃនេះយើងមានកម្មវិធីចំនួន២ ទី ១បើករដ្ឋានសាងសង់ ស្ពានបេតុង និងមួយទៀត ដាក់ឱ្យធ្វើចរាចរណ៍ផ្លូវក្រោមដីជានៅចោមចៅបណ្តោះអាសន្ន ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានអ៊ុតកៅស៊ូផ្លូវក្រោមដី នៅការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ខណៈគម្រោងសាងសង់ស្ពាននេះ សម្រេចបានជិត ៥០ភាគរយ និងបន្តដំណើរកាសាងសង់។

គម្រោងស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ គឺជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២១ ខាងមុខនេះ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែង រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននិងកំពុងសម្រុកដំណើរការសាងសង់យ៉ាងសកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here