ភ្ញៀវទេសចរក្នុងស្រុកជាង៧លាននាក់ចេញដើរកម្សាន្តនៅក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២០កន្លងទៅនេះ ចំនួនទេសចរជាតិ និងអន្តរជាតិសរុបជាង៨លាននាក់ ដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់នានាទូទាំងប្រទេស ដែលក្នុងទេសចរក្នុងស្រុកមានរហូតដល់ជាង៧លាននាក់ ហើយទេសចរអន្តរជាតិមានជាង១លាននាក់។

តាមរយៈបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះបានបង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាមានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១ភាគរយ និងទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩ភាគរយ ដែលការថយចុះនេះគឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺ Covid-19 ។

ក្នុងដំណាក់កាលវិបត្តិ Covid-19 ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤ភាគរយ និងផ្សេងៗ ២.៣។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២ភាគរយ ទេសចរធុរកិច្ច និងការទូតមាន ២០.៧ភាគរយ និងប្រភេទផ្សេងៗ ៣.១ភាគរយ។

តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០ភាគរយ ធៀបនឹងឆ្នាំ២០១៩។

អ្នកជំនាញទេសចរណ៍បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជានឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖

សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)

សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)

តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០ភាគរយ ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here