ដោយ ហ្សូលី
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសមិទ្ធផលដ៏ជោគជ័យរបស់ខ្លួន ចំពោះការគ្រប់គ្រងទុនបម្រុង សម្រាប់វិបត្តិសេដ្ឋកិច្ចសកល ដោយសារជំងឺរាតត្បាត។ នេះតាមឱ្យដឹងពីវេទិការបស់ធនាគរពិភពលោក World តាមប្រព័ន្ធអនឡាញ។
ក្នុងវេទិការបស់ធនាគារពិភពលោកស្តីពី កម្មវិធីគ្រប់គ្រងនិងពិគ្រោះយោបល់ទុនបម្រុង RAMP តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមជាកិត្តិយស ពីលោកទេសាភិបាល ទេសាភិបាលរង អគ្គនាយក និងអគ្គនាយករងរបស់ធនាគារកណ្តាលជាសមាជិក ដែលសរុបមានចំនួន៤៤ប្រទេស។ ជាពិសេស លោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិកម្ពុជា ក៏បានចូលរួមក្នុងវេទិកានេះផងដែរ។
ធនាគារពិភពលោក World Bank បានកោតសរសើរដល់សមិទ្ធផល ដែលកម្ពុជាសម្រេចបាន ក្នុងការគ្រប់គ្រងទុនបម្រុងវិនិយោគ និងការចូលរួមរបស់ធនាគារជាតិកម្ពុជា ក្នុងនាមជាសមាជិករបស់វេទិកានេះនៃធនាគារពិភពលោក។
ទន្ទឹមនេះ ធនាគារពិភពលោកធ្លាប់បានផ្តល់ជំនួយជាបច្ចេកទេស និងអាហារូបករណ៍ដល់កម្ពុជា ជាពិសេសផ្តោតលើការគ្រប់គ្រងទុនបម្រុងវិនិយោគផ្ទាល់តែម្តង។
លោកជា ចាន់តូបានចួលរួមចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការដាក់ចេញនិងអនុវត្តនូវវិធានការ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីធានាឱ្យមានភាពរឹងមាំ អំឡុងពេលកម្ពុជាប្រឈមនិងវិបត្តិសុខភាពសកល។
វេទិកានេះគឺជាការប្រជុំពិភាក្សា និងចែករំលែកនូវបទពិសោធន៍របស់ប្រទេសសមាជិករបស់កម្មវិធី RAMP និងរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការដាក់ចេញអនុវត្តគោលនយោបាយរូបិយវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម វិនិយោគក្នុងបរិការណ៍ថ្មី។
ផ្តោតសំខាន់ទៅលើការអនុវត្ត គោលនយោបាយធុរកិច្ច ប្រកបដោយការទទួលខុសត្រូវ (Economic, Social and Governance-ESG- Policy)៕