អ្នកជំនាញមណ្ឌលគីរី កំពុងបង្កើនតម្លៃអចលនវត្ថុទ្វេរដងបើធៀបទៅនឹងកាលពី២ឆ្នាំមុន

0

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងប្រឈមទៅនឹងវិបត្តិដែលបង្កឡើងដោយការរាតត្បាត នៃជំងឺសាកលនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់ទីផ្សារអចលនវត្ថុនៅក្នុងខេត្តមណ្ឌលគីរី ជាពិសេសនៅតំបន់ទីប្រជុំជននៃក្រុងសែនមនោរម្យ តម្លៃមានការកើនឡើងទ្វេដង បើធៀបទៅនឹងកាលពី២ឆ្នាំមុន។ នេះបើតាមការអះអាងរបស់ភ្នាក់​ងារទិញ-លក់អចលនទ្រព្យនៅក្នុងខេត្តមួយនេះ។

ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ឲ្យដឹងនាព្រកថ្ងៃទី១៨ វិច្ឆិកានេះថា ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន គឺមានភាពខុសប្លែកឆ្ងាយកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ឃើញមានសកម្មភាពវិនិយោគក្នុងវិស័យដីធ្លី ក៏ដូចជាកំណើននៃគម្រោងអភិវឌ្ឍន៍នានាដូចជាតំបន់ទេសចរណ៍កែច្នៃលំហែរកាយជា Resort ជាផ្ទះសំណាក់តូចៗបែបធម្មជាតិ ក៏ដូចជាតំបន់ស្នាក់នៅបែបលំហែរកាយផងដែរ ប៉ុន្តែហាក់មិនទាន់ផុសផុលខ្លាំងនោះទេ។

លោកស្រីបានបន្តថា “ភាគច្រើនច្រើនគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តនេះ ជាគម្រោ​ងបង្កើរតំបន់ទេសចរណ៍ និងកម្សាន្តលក្ខណៈធម្មជាតិ ប៉ុន្តែសម្រាប់គម្រោងអភិវឌ្ឍន៍ ឬសាងសង់សំណង់ខ្ពស់ៗគឺនៅមិនទាន់ឃើញមាននោះទេ”។ លោកស្រីបន្ថែមថា “តម្លៃអចលនវត្ថុនៅក្នុងខេត្តក៏នៅទាប បើធៀបទៅនឹងតម្លៃអចលនវត្ថុ នៅក្នុងបណ្តាខេត្តផ្សេងទៀត ដែលវានៅតែជាឱកាសសម្រាប់អ្នកវិនិយោគ ក៏ដូចជាអ្នកទិញសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សេងៗ”។

លោកស្រីបញ្ជាក់ថា “សម្រាប់តែដីដែលចេញក្រៅក្រុង និងមានទំហំធំៗសម្រាប់គម្រោងអភិវឌ្ឍន៍ជាតំបន់លំនៅដ្ឋានលំហែរកាយ ឬជារីស៊ត អាចមានតម្លៃក្នុងចន្លោះ១៥,០០០ដុល្លារ ទៅ២០,០០០ដុល្លារក្នុង១ហិកតា ហើយតម្លៃនេះអាចនឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ខាងមុខនេះ ជាពិសេសក្រោមចប់វិបត្តិកូវីដជាស្ថាពរ”។

លោក សេង វណ្នី នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ SEN SOK Realty ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសែនមនោរម្យ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្នុង    រយៈពេល១ឆ្នាំចុងក្រោយនេះ ខេត្តមណ្ឌលគីរីមានភាពខុសប្លែកច្រើន ដែលក្នុងនោះមានភាពរីកចម្រើនទាំងផ្នែកផ្សារទំនើប ធនាគារ សណ្ឋាគារ អាហារដ្ឋាន និងតំបន់រីហ្សតបែបធម្មជាតិ និងទំនើបផងដែរ។

លោកបានបន្តទៀតថា ដោយសារតែវិសាលភាពដីធ្លីនៅជុំវិញក្រុង នៅមានភាពទូលាយច្រើន ភាគច្រើនគេទិញជាហិកតាធំៗ ប៉ុន្តែសម្រាប់ដីធ្លីនៅក្នុងក្រុងសែនមនោរម្យ មិនសូវមានទំនេរនោះទេ ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍ដែលត្រូវការដីទំហំធំ គេអាចទិញច្រើនម្ចាស់បូកបញ្ចូលគ្នាបាន ហើយតម្លៃទៀតសោធស្ថិតក្នុងចន្លោះចាប់ពី១៥,០០០ ដុល្លារ ទៅ២០,០០០ដុល្លារ (គិតជាម៉ែត្រដើរ មានបណ្តោយចាប់ពី៤០-៥០ម៉ែត្រ) ហើយបើគិតជាម៉ែត្រការ៉េ អាចស្ថិតក្នុងចន្លោះ ៣៥០-៤៥០ ដុល្លារ ឬលើសពីនេះតិចតួច អាស្រ័យទៅតាមទីតាំង និងតម្រូវការជាក់ស្ដែង។

លោកបានប្រាប់ឱ្យដឹងទៀតថា ថ្វីត្បិតតម្លៃអចលនវត្ថុនៅលើទីផ្សារ ហាក់នៅទាបជាងបណ្តាខេត្តមួយចំនួន ប៉ុន្តែបើធៀបទៅនឹងរយៈពេលប្រមាណ២ឆ្នាំមុននេះ ទាំងតម្លៃ ទាំងសកម្មភាពអភិវឌ្ឍន៍ និងរីកចម្រើនរបស់ខេត្តមណ្ឌលគីរី គឺមានកម្រិតទ្វេដង ហើយនៅឆ្នាំក្រោយនេះទាំងតម្លៃ និងគម្រោងអភិវឌ្ឍន៍អាចនឹងបន្តឡើងទៀតជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here