ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ កម្ពុជានៅតែបង្ហាញសក្តានុពលរបស់ខ្លួន ក្នុងការទាក់ទាញគម្រោងវិនិយោគធំៗ ពីបណ្តារវិនិយោគិនអន្តរជាតិមកជាហូរហែ ទោះបីជាវិបត្តិជំងឺសកលកូវីដ១៩ អូសបន្លាយពេលយ៉ាងណាក្តី។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC។
អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ថា បច្ចុប្បន្នកម្ពុជាទទួលបាននូវសំណើគម្រោងវិនិយោគមកជាបន្តបន្ទាប់ពីសំណាក់បណ្តាវិនិយោគិនជាតិ-អន្តរជាតិ ដែលមានបំណងចង់វិនិយោគនៅកម្ពុជា។
លោកបន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ សំណើសុំវិនិយោគនៅតែបន្តមានដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅដែរ បើទោះបីពេលនេះជំងឺកូវីដ ១៩ អូសបន្លាយពេលក៏ដោយ។
មន្ត្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា “ក្នុងនោះតាមរយៈការដាក់ពាក្យស្នើសុំនាំចូលវត្ថុធាតុដើមពីបណ្តារប្រទេសនានា សម្រាប់បម្រើការវិនិយោគរបស់អ្នកវិនិយោគផ្សេងៗនៅតែដំណើរការជាធម្មតា មិនមានការថមថយនោះទេ។ យើងទទួលស្គាល់ថា វិស័យ និងអាជីវកម្មមួយចំនួនក្នុងប្រទេសកម្ពុជាបានជួបបញ្ហាប្រឈមយ៉ាងខ្លាំងដូចជា វិស័យទេសចរណ៍ជាដើម ចំណែកវិស័យផលិតកម្មកសិកម្ម មិនជួបបញ្ហាខ្លាំងឡើយ”។
ថ្មីនេះៗ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តនូវសំណើរវិនិយោគរបស់ក្រុមហ៊ុនជាច្រើនទៅលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំ សម្លៀកបំពាក់ ស្រោមដៃ ស្បែកជើង កាបូប ផលិតអំពូលភ្លើង ខ្សែភ្លើង ផលិតផលប្លាស់ស្ទិក និងរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ៕