ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាចនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក គឺនៅក្នុងឆមាសទី១ ឆ្នាំ ២០២២ ។ នេះបើតាមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ដំណើរការសាងសង់ផ្លូវ ល្បឿនលឿននេះកំពុងដើរស្របគ្នាជាមួយនឹងផែនការ ដែលបានកំណត់ទុក ដែលអាចបញ្ចប់ក្នុងឆមាសទី១ ឆ្នាំ ២០២២ ។
លោកបន្តថា គិតមកទល់ពេលនេះ ការសាងសង់ផ្លូវល្បឿន លឿនសម្រេចបាន ២៦,៨៦ភាគរយហើយ ដោយការសាងសង់កំពុងមានដំណើរទៅមុខជាប្រចាំ ទោះបីមានវិបត្តិសកលអូសបន្លាយពេលយ៉ាងណាក្តី។ មន្ត្រីជំនាញរបស់ក្រសួង សាធារណការតែងតែសហការជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីអាចបញ្ចប់បានទៅតាមផែនការ។
ផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលមានប្រវែងសរុបជាង១៩០ គីឡូម៉ែត្រនេះតភ្ជាប់ពីសង្កាត់ សំរោងក្រោម ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ ខេត្ត កណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថា សម្រាប់ខេត្តកំពង់ស្ពឺបច្ចុប្បន្នការចាក់ដី និងដាក់លូសម្រេចបាន១០០ ភាគរយ ខណៈស្ពានឆ្លងកាត់លើផ្លូវជាតិលេខ ៤ ចំនួន ២កន្លែង នៅមិនទាន់រួចរាល់ទេ។ វានឹងក្លាយជាផ្លូវ យុទ្ធសាស្ត្រមួយដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និង ខេត្តកំពង់ស្ពឺ ។
ផ្លូវល្បឿនលឿនចាប់ផ្តើមសាងសង់នៅថ្ងៃ ទី២២ ខែ មីនា ឆ្នាំ ២០១៩ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលចំណាយទឹកប្រាក់សរុបប្រមាណ ១៩០០លានដុល្លារ៕