ដោយ វុត្ថា
ភ្នំពេញៈ ដើម្បីឲ្យទទួលបានទំនុកចិត្ត និងទទួលបានផលចំណេញខ្ពស់ដល់អតិថិជន ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ ត្រូវផ្តល់សេវាកម្មផ្សេងៗ លើសពីការរំពឹងទុកទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈផ្តល់ប្រឹក្សាយោបល់ និងមានភាពស្មោះត្រង់បំផុត និងភាពរុះរាយរាក់ទាក់។
ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលោកច្រឹក សុខនីមបានប្រាប់គេហទំព័រ Properyarea.asia កាលពីរសៀលថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ គឺត្រូវផ្តល់សេវាជាកញ្ចប់មានទាំងរត់ឯកសារ លិខិតកក់ប្រាក់ កិច្ចសន្យាទិញ-លក់ និងមានទាំងប្រថាប់ត្រាពីសំណាក់មេធាវី ដើម្បីឲ្យអតិថិជនមានភាពកក់ក្តៅ និងការទិញលក់របស់ពួកគេមានសុវត្ថិភាព និងមានភាពងាយស្រួល។
លោកបន្តថា “បើអតិថិជនបានទិញចលនទ្រព្យ តាមរយៈភ្នាក់ងាររបស់យើង យើងត្រូវធ្វើឱ្យមានភាពចំណេ ញលើការទិញអចលនទ្រព្យនោះ តាមរយៈរបស់ល្អ និងមានតម្លៃក្រោមទីផ្សារ ហើយថ្ងៃក្រោយគាត់នឹងណែនាំអ្នកផ្សេង ឲ្យមករកសេវាកម្មរបស់យើង” ។
លោកបន្តថា “នៅពេលអថិជនណែនាំបន្តគា្ន នោះមានន័យថា គេមានជំនឿរបស់យើង និងទទួលបានផលច្រើន តែបើអតិថិជនដែលមិនដែលប្រើសេវាកម្មរបស់យើង ប្រកដណាស់គេ មិនសូវទុកចិត្តខ្លាំងនោះទេ” ។
លោកបានផ្តល់យោបល់បន្ថែមទៀតថា ក្នុងនាមជាអ្នកផ្តល់សេវាកម្មលើវិស័យអចលនទ្រព្យ យើងត្រូវមានចំណេះដឹងឲ្យបានជ្រៅជ្រះ តាមរយៈបង្កើនចំណេះដឹងជាប្រចាំ កាអនុវត្តផ្ទាល់ និងដឹងពីតម្លៃទីផ្សារនៅក្នុងតំបន់ដែលខ្លួនកាន់។ ហើយចំណេះដឹងទាំងអស់នេះ នឹងធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើយើង។
លោកច្រឹក សុខនីម បានបន្តថា “បើយើងមានចំណេះដឹងទាបជាងពួកគាត់ នៅពេលដែលយើងនិយាយទៅ គាត់នឹងមិនទុកចិត្តយើងនោះទេ និងជាពិសេសយើងត្រូវស្គាល់អថិជនជាគោលដៅរបស់ខ្លួន អោយបានច្បាស់លាស់” ។ លោកបន្ថែមថា “យើងធ្វើការជាមួយអ្នក និងអ្នកផ្ទាល់។ បើមិនស្គាល់អតិថិជនរបស់ខ្លួនច្បាស់ទេ យើងនឹងបរាជ័យតាមរយៈការធ្វើកិច្ចការមិនច្បាស់លាស់” ។
បើតាម លោក ច្រឹក សុខនីម ភ្នាក់ងារផ្តល់សេវាអចនទ្រព្យទាំងចុះបញ្ជី និងមិនចុះបញ្ជីមានប្រមាណក្រោម៣ម៉ឺននាក់ នៅទាំងទូទាំងប្រទេស ដែលកំពុងប្រតិបត្តិការ ខណៈដែលកម្ពុជានៅខ្វះខាតអ្នកជំនាញលើវិស័យជាច្រើន ស្របពេលដែលដែលកំពុងបោះជំហ៊ានទៅមុខ៕