ដោយ ហ្សូលី
ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពស្រពេចស្រពិល ដោយសារការអូសបន្លាយពេលនៃវិបត្តិកូវីដ១៩ ប៉ុន្តែអ្នកជំនាញបានលើកឡើងថា វិស័យអចលនទ្រព្យនឹងត្រឡប់មករកសភាពដើមវិញនៅឆ្នាំក្រោយ ដែលមិនចាំបាច់រង់ចាំដល់ឆ្នាំ ២០២២ឡើយ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅក្នុងកិច្ចសម្ភាសមួយថា បើទោះបីជាមានការញាំញ៉ីដោយបញ្ហាកូវីដយ៉ាងណាក្តី កីមិនទាន់មានការគំរាមកំហែងធ្ងន់ធ្ងរ ដែលធ្វើឱ្យរង្គោះរង្គើដល់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានោះឡើយ។
លោកឧកញ៉ាបន្តថា ការវិនិយោគនិងបណ្តាញទីផ្សារនៅតែបន្តដោយសារតែមានដៃគូខាងក្នុងប្រទេសនៅឈរយ៉ាងរឹងមាំក្នុងការជំនួសមុខឱ្យដៃគូបរទេសដែលពួកគេមិនបានមកព្រោះវិបត្តិកូវីដ។ ចំណែកឯយុទ្ធសាស្រ្តរាជរដ្ឋាភិបាលវិញ ក្នុងដំណាក់កាលដែលវិស័យទេសចរណ៍ស្ងប់ស្ងាត់ ទាំងរដ្ឋាភិបាល វិនិយោគិន នាំគ្នាសម្រុកអភិវឌ្ឍនិងកែលម្អនូវគម្រោងរួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីទ្រទ្រង់សោភ័ណភាពខេត្ត-ក្រុង បន្ទាប់ពីវិបត្តិ។ នេះជាការបង្ហាញពីស្មារតីរួបរួមថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាមិនមានការថមថយទេ មានតែការវិវត្តទៅមុខទៀត។
ទន្ទឹមនេះ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនឹងមានទីផ្សារល្អមកវិញនៅដើមឆ្នាំក្រោយនេះហើយ គឺមិនចាំបាច់រង់ចាំរហូតដល់ឆ្នាំ ២០២២នោះទេ ព្រោះដំណឹងនៃការបង្កើតវ៉ាក់សាំងសម្រាប់វិបត្តិកូវីដ ១៩ ក៏ឃើញថាមានលទ្ធផលជោគជ័យ និងប្រសិទ្ធភាពដែរ។
ប្រធានក្រុមប្រឹក្សាភិបាលរូបនេះបានថ្លែងថា សូមកុំវិភាគលឿនពេកអំពីហានិភ័យ តែគួររង់ចាំពិនិត្យមើលលទ្ធផលនិងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល និងចំណាត់ការដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ជាមុនសិន៕