បណ្ឌិតសុក ស៊ីផាន់ណា៖ ប្រជាជនគួរផ្លាស់ប្តូរផ្នត់គំនិតទាញប្រយោជន៍ពីវិស័យឧស្សាហកម្ម

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាលកាន់តែធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ពីអតិពលកម្ម ទៅជាប្រើប្រាស់កំលាំងពលកម្មដែលមានជំនាញ លោកបណ្ឌិតសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានជម្រុញឲ្យប្រជាជនកម្ពុជាផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍កាន់តែច្រើនពីវិស័យឧស្សាហកម្ម។

លោកបណ្ឌិតបានបន្តថា ការដែលរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ កាលពីឆ្នាំ២០១៥ គោលនយោបាយនេះ មានភាពស៊ីសង្វាក់នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រោះពេលយើងចូលអាស៊ានជាទីផ្សារផលិតកម្មតែមួយ អញ្ចឹងគោលនយោបាយឧស្សាហកម្មនេះ ផ្តល់លទ្ឋភាពឲ្យរដ្ឋាភិបាលផ្តោតអារម្មណ៍ទៅ​មើលកន្លែងណា វិស័យអ្វីខ្លះ ដែលយើងត្រូវតែប្រឹងប្រែង ដូចជា ទី១ ធ្វើយ៉ាងណាឲ្យអ្នកវិនិយោគទុនបរទេស ដែលមកដាក់ទុន​នៅស្រុកខ្មែរឲ្យគាត់ផ្លាស់ប្តូរចែករំលែកចំណេះដឹង ចំនេះធ្វើទៅឲ្យសហគ្រិនខ្នាតតូចៗ និងសហគ្រាសខ្នាតមធ្យម មានលទ្ឋភាពទាញយកកាលានុវត្តន៍ភាពពីសង្វាក់ផលិតកម្មនេះ។

ទី២ តាមរយៈការកែច្នៃឧស្សាហកម្ម យើងអាចមានលទ្ឋភាពជំរុញតំលៃបន្ថែម​លើអ្វីដែលយើងមានក្នុងស្រុក។ ដូចជាកៅស៊ូ យើងអាចដំទ្បើងរោងចក្រផលិតកង់ ទ្បាន ព្រោះជាក់ស្តែងប្រទេសថៃ នៅតែជាទីតាំងផលិតរថយន្តដ៏ធំក្នុងតំបន់នេះ ជប៉ុនមិនអាចរើរោងចក្ររថយន្តហុងដា តូយ៉ូតាមកកម្ពុជាទេ តែពួកគេអាចបង្កើត​រោងចក្រកែច្នៃកៅស៊ូ ដែលមានរាប់ម៉ឺនហិកតានៅកម្ពុជា ឲ្យទៅជាសំបកកង់រថយន្តបាន ទី៣ យើងអាចផ្តោតអារម្មណ៍ទៅលើការពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ ដោយ​សារពេល​យើងមានតំបន់ឧស្សាហកម្ម កម្រិតចេះដឹងមួយចំនួនដែលយើងឃើញពួកគេធ្វើការងារនៅតាមការិយាល័យ គឺវាមិនស៊ីគ្នាឬមិនឆ្លើយតបតាមស្ថានភាពការងា​រទេ។

លោកបន្តថា ដូច្នេះយើងត្រូវជំរុញធ្វើយ៉ាណា ឲ្យមានការបណ្តុះបណ្តាលជីវៈឲ្យខ្លាំង ទាំងផ្នែកឯកជន ដូចជា ជាងដែក ជាងផ្សារ តំទ្បើងទូរស័ព្ទ ដំទ្បើងគ្រឿងបន្លាស់ជាដើម​ដែលជាជំនាញមួយឆ្លើយតបតម្រូវការទីផ្សារ ព្រោះការរៀនគណិតវិទ្យា ជំនាញទីផ្សារឬ គ្រប់គ្រងជាដើមគឺ​មិនឆ្លើយតបនឹងស្ថានភាពនេះទេ។ ហេតុនេះយើងត្រូវរកបច្ចេកវិទ្យា រកទីផ្សារដើម្បីឲ្យគេមកបណ្តាក់ទុន យើងត្រូវពង្រឹងសមត្ថភាពកូនខ្មែរឲ្យចាប់យកអាជីពការងារនេះ។

លោកបណ្ឌិតសុក ស៊ីផាន់ណាបានបន្តថា “រដ្ឋាភិបាលនឹងប្រែក្លាយតំបន់ក្រុងកំពង់សោម ឲ្យទៅជាតំបន់ឧស្សាហកម្មមួយ”។លោកបន្តថា ក្នុងបរិបទនេះអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់ គឺតួនាទីរដ្ឋាភិបាលមានមួយកម្រិត តែអ្វី​សំខាន់ គឺការធ្វើការងារក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឈន៍ ប្រទេសជាមិត្ត និងវិស័​យឯកជន”។

លោកបន្តថា ភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ BOT(ប្រព័ន្ឋបង់ប្រាក់) ។​ក្នុងន័យនេះការវិនិយោគជាសាធារណៈ ជាកាតព្វកិច្ចរបស់រដ្ឋ និងកន្លែងខ្លះទៀត​ផ្នែកឯកជន ពួកគេអាចសាងសង់ស្ពានបង់ប្រាក់ ដូចជាស្ពានព្រែកព្នៅរបស់លោកឧកញ៉ាលី យ៉ុងផាត់ជាឧទាហរណ៍ស្រាប់ ដែលរដ្ឋាភិបាលមិនបានចាយ​ប្រាក់ទេ តែយើងជាអ្នកឆ្លងកាត់ ត្រូវចំណាយប្រាក់ ហើយវាធ្វើឲ្យយើងចំណេ​ញពេលវេលា។

សំដៅដល់យុវជន លោកបណ្ឌិតសុក ស៊ីផាន់ណាបានផ្តល់អនុសាសន៍ថា ពេលយើងដឹងពីទិសដៅរដ្ឋាភិបាល យើងតម្រង់ទិសខ្លួនឯងផង វាចូលងាំ របស់​រដ្ឋាភិបាល ប៉ុន្តែផ្នត់គំនិតជារឿងសំខាន់ណាស់ គឺភាគច្រើនឪពុកម្តាយ គាត់ចង់ឲ្យកូនធ្វើការក្នុងម៉ាស៊ីនត្រជាក់ ពាក់អាវធំ ប៉ុន្តែជាក់ស្តែងយើងមិនអាច​អនុវត្តន៍បានទេ ព្រោះសេដ្ឋកិច្ចត្រូវការសេដ្ឋវិទូ មេធាវីអញ្ចឹងមែន ប៉ុន្តែរោងចក្រដែល​ត្រូវការកម្មកររាប់ម៉ឺននាក់ គឺត្រូវការជំនាញ ដូច្នេះកុំមានគំនិតថា កូនធ្វើ ជាងដែក ជាងភ្លើងជាការងារថោកទាប កុំគិតបែបនេះ។យើងត្រូវផ្លាស់ប្តូរ​ផ្នត់គំនិត។

លោកបន្តថា នៅប្រទេសជឿនលឿន ជាងដែក ជាងភ្លើង រកបានប្រាក់ជាងមេធាវីទៀត បើយើងចង់ជួសជុលលូទឹក ឬប្រព័ន្ឋទុយោទឹក យើងណាត់គាត់ពីរសប្តាហ៍មុន ហើយ​បើគាត់មកមុនបានត្រឹម១សប្តាហ៍ បន្ទាប់ពីការណាត់ជួបគឺប្រសើរហើយ។ ព្រោះ​មានតម្រូវការងារនេះច្រើន។ ជាក់ស្តែងការងារសំណង់ គឺសង់អាគារកំពស់៣០ជាន់ មិនមែនគ្មានជំនាញអាចធ្វើបានទេ គឺទាល់តែមានជំនាញ ហើយពេលយើងមានជំនាញគេមិនខ្លាចផ្តល់ប្រាក់ខែឲ្យយើងនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here