ដោយៈច្រាយ ចំណាន
ភ្នំពេញៈ ខេត្តចំនួន៣ផ្សេងគ្នានភព័ទ្ឋជុំវិញរាជធានីភ្នំពេញ កំពុងទាក់ទាញការវិនិយោគលើដីធ្លី សម្រាប់ធ្វើការអភិវឌ្ឍ និងលក់បន្តយកចំណេញនៅឆ្នាំបន្ទាប់។
បណ្តាខេត្តទាំងនោះរួមមានកំពង់ស្ពឺ កណ្តាល និងខេត្តតាកែវ ដែលជាខេត្តកំពុងទទួលឥទ្ឋិពល ពីការអភិវឌ្ឈយ៉ាងលឿននៃរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា គិតត្រឹមដើមឆមាសទី២ នៃឆ្នាំ២០២០នេះ តាមការកត់សម្គាល់ឃើញថា បើទោះជាស្ថានភាពនៃជំងឺរាតត្បាត នៅក្នុងប្រទេសកម្ពុជាមានភាពស្ងប់ស្ងាត់មែន ប៉ុន្តែសកម្មភាពទិញ-លក់អចលនទ្រព្យ ជាពិសេសវិស័យដីធ្លី គឺឃើញមាននៅតាមតំបន់ និងខេត្តមួយចំនួនតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា “ក្រៅពីខេត្តកំពត កែប ដែលកំពុងមានទីផ្សារលើការទិញដីទុកធ្វើការអភិវឌ្ឍន៍ស្ថិតនៅក្នុងវិស័យទេសចរណ៍ បណ្តាខេត្តដែលមានប្រជាប្រិយភាពបន្ទាប់រួមមានចំនួន៣ នៅជុំវិញរាជធានីភ្នំពេញ ដែលស្ថិតនៅក្បែរតំបន់អភិវឌ្ឍន៍ធំៗ ស្ថិតក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ” ។
លោកបានបន្តថា ដីដែលអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍ទិញទុកនៅពេលបច្ចុ ប្បន្ននេះ ភាគច្រើនគឺសុទ្ធតែស្ថិតនៅតំបន់ដែលកំពុងមានការអភិវឌ្ឍ និងក្នុងតំបន់ដែលគ្រោងអភិវឌ្ឍក្នុងពេលឆាប់ខាងមុខនេះ ដូចជាតំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តចំនួន៣ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ក្រៅពីនេះនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ រួមជាមួយគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលអាចស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
លោកវីរៈ បានបន្តថា ពេលនេះភាគច្រើនគេទិញទុក សម្រាប់លក់ចេញទៅវិញយកចំណេញនៅឆ្នាំបន្ទាប់ ឬធ្វើការអភិវឌ្ឍនៅក្នុងឆ្នាំក្រោយទាំងអស់ ដោយសារតែនៅក្នុងអំឡុងពេលនេះ ទាំងអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍ សុទ្ធតែនៅទន្ទឹងរង់ចាំឱ្យមានការធ្លាក់ចុះនូវស្ថានភាពប្រឈមជាងនេះបន្តិចទៀត ឬក្រោយមានវត្តមានអ្នកវិនិយោគបរទេសវិលត្រឡប់មកកាន់កម្ពុជាវិញ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា ក្នុងអំឡុងពេលនេះ ភាគច្រើនអ្នកវិនិយោគ មិនចង់បញ្ចេញកញ្ចប់ថវិកាច្រើននោះទេ បើបញ្ចេញក៏ស្ថិតនៅក្នុងកម្រិតមួយ ដែលអាចក្រោមទំហំ១លានដុល្លារចុះក្រោយតែប៉ុណ្ណោះ។
លោកស្រីបញ្ជាក់ថា “ពេលនេះអ្នកមានលុយ គេសម្លឹងមើលពីឱកាសទិញទុកវិនិយោគ នៅពេលណាមានដី ឬអចលនវត្ថុណាដែលមានតម្លៃក្រោមទីផ្សារ គឺគេទិញទុកភ្លាម ប៉ុន្តែទាំងអស់នេះ ក៏មានតែចំពោះអ្នកមានទុនគ្រប់គ្រាន់តែប៉ុណ្ណោះ បើចំពោះអ្នកមិនមានទុនគ្រប់គ្រាន់ ឬពឹងពាក់ទៅលើកម្ចីពីធនាគារ ក៏មិនមែនជាជម្រើសល្អនោះដែរ” ៕