ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា លំនៅដ្ឋានដែលបានបញ្ចប់ការសាងសង់នៅដំណាច់ឆមាសទី១ឆ្នាំនេះ មានចំនួន២១០០យូនីត ខណៈគំរោងសាងសង់ថ្មីមានចំនួន១១។
យោងតាមក្រុមហ៊ុនCBRE Cambodiaបានបង្ហាញទិន្នន័យនៃការសិក្សាកាលពីសប្តាហ៍មុនថា គម្រោងបុរីដែលបានបញ្ចប់ការសាងសង់នៅឆមាសទី១ រួមមាន បុរី William Angkor Chey បុរី Lay Kong Emerald Residence បុរី Chom Chao Premium by Chea Ry និងបុរី L Village Village ដំណាក់កាលទី១ និងបុរី Khemarak Phumi ជាដើម។
ជាមួយគ្នានេះ បុរីដែលបានបើកដំណើរការលក់លំនៅដ្ឋាន នៅឆមាសទី១ មានចំនួន១១គម្រោងស្មើនឹងជាង១.៩០០យូនីត និងចំនួនលំនៅដ្ឋាន ដែលបានបញ្ចប់ការសាងសង់ មានចំនួនជាង២.១០០យូនីត។
ចំណែកគម្រោងខុនដូដែលបានបញ្ចប់ ការសាងសង់នៅឆមាសទី១ រួមមានអគារ Vue Aston អគារ East Condo Sensok អគារ City View និងអគារ La Vista One។ ចំនួនខុនដូ ដែលបានបញ្ចប់ការសាងសង់ក្នុងឆមាសទី១ មានចំនួនជាង៣.៦០០យូនីត។
ការសិក្សាបានរកឃើញផងដែរថា តម្លៃខុនដូលំដាប់សមរម្យ បានកើនឡើង១,០៤ភាគរយ ដល់ចំនួនជាង១.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅឆមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតម្លៃខុនដូលំដាប់មធ្យម បានកើនឡើង៦,៩ភាគរយ ដល់ជិត២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ចំណែកតម្លៃខុនដូលំដាប់ខ្ពស់ ឬប្រណីតបានកើនឡើង១,៩ភាគរយ ដល់ជាង៣.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនៅឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនាង គឹម កិនកេសាអគ្គនាយិកាក្រុមហ៊ុនCBRE Cambodia បានលើកឡើងថា បណ្តាអ្នកអភិវឌ្ឍន៍កំពុងមានទំនុកចិត្តខ្ពស់ជាងមុនចំពោះទីផ្សារ និងការធ្វើពិពិធកម្មពីគម្រោងលំនៅដ្ឋានកម្រិតខ្ពស់ ទៅជាគម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យជាងមុន៕