រដ្ឋបាលក្រុងកំពតកំពុងពង្រឹងការអនុវត្តតាមប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋបាលក្រុងកំពត បាន និងកំពុងពង្រឹងការអនុវត្តតាមប្លង់គោលនៃហេដ្ឋារចនាសម្ព័ន្ធក្រុង រួមមានការវាស់វែង ចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ការកំណត់ព្រំដែនដែនផ្លូវថ្នល់ ផ្លូវទឹក និងទីតាំងលំនៅដ្ឋានកម្មសិទ្ធិ។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពត លោក ដាញ់ សារី បានមានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថាការកំណត់ប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ក្នុងដំណាក់កាល នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ គឺពិតជាមានលក្ខណៈពិបាកស្មុគស្មាញ មានផលប៉ះពាល់តិចតួច ប៉ុន្តែវាអាចបង្កលក្ខណៈងាយស្រួលនៅថ្ងៃខាងមុខ។

លោកបានបន្តថា “ដើម្បីសម្រេចដំណើរការបិទផ្សាយបានដោយជោគជ័យ រដ្ឋបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធត្រូវប្រកាន់យកផ្លូវកណ្តាល (ពលរដ្ឋ អាជ្ញាធរ និងជំនាញទទួលយកបានដូចគ្នា)បានយកចិត្តទុកដាក់ក្នុងការចុះវាស់វែង និងកំណត់ទៅតាមប្លង់គោល។ តាមទិន្នន័យវាស់វែងក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត មានចំនួន ១.០៥១ក្បាលដី លំនៅឋាន ចំនួន ៨១៩ក្បាលដី និងដីកសិកម្មចំនួន ២១៧ក្បាលដី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក មានចំនួន ចំនួន ៣៩ខ្សែ”។

អភិបាលខេត្តកំពត លោក ជាវ តាយ បានណែនាំដល់មន្ត្រីជំនាញសុរិយោដី មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរភូមិឃុំត្រូវរួមសហការគ្នា ចុះពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ដល់ភូមិសាស្ត្រជាក់ស្តែង មុនសម្រេចកំណត់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងរក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នាពេលអនាគត។

លោកបានមានប្រសាសន៍ថា “ការងារវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធដើម្បីចេញបណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ គឺជាការចាំបាច់ និងសំខាន់ខ្លាំងសម្រាប់ពលរដ្ឋគ្រប់រូប ពិសេសងាយស្រួលក្នុងការអភិវឌ្ឍ និងប្រើប្រាស់ដីឱ្យអស់សកត្តានុពល ក៏ដូចជាងាយក្នុងការអភិវឌ្ឍមូលដ្ឋានភូមិឃុំផងដែរ”។

លោកថា “ពាក់ព័ន្ធនឹងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ក្នុងប្លង់គោលសុរិយោដី នៃការចុះបញ្ជីលក្ខណៈជាប្រព័ន្ធ មន្ត្រីជំនាញ និងមន្ទីរពាក់ព័ន្ធ រួមនឹងអាជ្ញាធរ មិនអាចសម្រេចយកតាមប្លង់គូរនៅលើតុតាមគោលការណ៍របស់ស្ថាប័ន ឬមន្ទីរខ្លួនបានទេ គឺត្រូវចុះទៅពិនិត្យដល់ទីតាំងភូមិសាស្ត្រជាក់ស្តែង ដើម្បីធានាដល់ការកាត់បន្ថយផលប៉ះពាល់ឱ្យនៅតិចបំផុត និងធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពតទៅថ្ងៃមុខ ព្រោះតំបន់វិនិច្ឆ័យទាំងនោះស្ថិតនៅក្នុងក្រុង ហើយអនាគត នឹងក្លាយជាតំបន់លំនៅដ្ឋាន និងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សេងៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here