ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងព្រះរាជាណាចក្រថៃ បានសម្រេចរួមគ្នាដោយកំណត់យកវិស័យអាទិភាពចំនួន៥បន្ថែមទៀតក្នុងការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់រយៈពេល៣ឆ្នាំបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។
គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០បានយល់ព្រម និងឯកភាពជាមួយរដ្ឋាភិបាលថៃកំណត់យកវិស័យអាទិភាពចំនួន៥បន្ថែមទៀត ដើម្បីដំណើរការអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២។
ក្រោមវត្តមានរបស់លោក អុឹម សួរ អគ្គលេខាធិការងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Pattarat Hongtong អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៍ បានរៀបចំកិច្ចប្រជុំពិសេសរួមគ្នាដើម្បីកំណត់ និងអនុវត្តនូវកិច្ចសហប្រតិបត្តិការបច្ចេកទេសលើកទី១៥ ដោយជាលទ្ធផលបានចាត់បន្ថែមនូវវិស័យអាទិភាពចំនួន៥បន្ថែមទៀត។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៍ក្នុងទម្រង់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ(២០១៧-២០១៩) ទទួមបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយក្នុងនោះបានផ្តោតសំខាន់ទៅលើវិស័យសំខាន់ៗចំនួន៣រួមមាន វិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការពង្រឹងសមត្ថភាពដល់មន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា និងការផ្តល់វគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លី។
ជាមួយគ្នានេះក៏មានការជំរុញ និងពន្លឿនការអនុវត្តគម្រោងសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ការសាងសង់អគារកំពស់៣ជាន់សម្រាប់ដេប៉ាតឺម៉ង់ភាសាថៃនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងការសាងសង់អគារក្នុងមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរមនុស្សនៅខេត្តបន្ទាយមានជ័យ។
ដោយឡែកសម្រាប់វិស័យអាទិភាពចំនួន៥ដែលត្រូវបានកំណត់បន្ថែមសម្រាប់ការអនុវត្តរយៈពេល៣ឆ្នាំបន្ទាប់២០២១-២០២៣ រួមមានការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍សហគមន៍ និងជនបទ ការអភិវឌ្ឍន៍សង្គម វិស័យបរិស្ថាន និងការអភិវឌ្ឍន៍ធនធានមនុស្ស។ បន្ថែមពីនេះ ភាគីថៃក៏បាប្ដេជ្ញាផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលវែង និងខ្លីសម្រាប់ឆ្នាំ២០២១-២០២៣មកដល់កម្ពុជាផងដែរ៕