ដោយៈ រ៉ាណេត
ក្រចេះ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២០ ជាលទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះ សម្រេចបានប្រមាណ ៧០ភាគរយ នៅលើផ្ទៃដីសរុបជិត ៨០ម៉ឺនហិកតា។
ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅខេត្តក្រចេះ ក្នុងឆ្នាំ២០២០នេះ សម្រេចបានជាង៧០ភាគរយហើយ ដែលជួយសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋឱ្យមានទំនុកចិត្តខ្ពស់ ជាពិសេសមានបណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជួយកាត់បន្ថយវិវាទដីធ្លីផ្សេង។
លោកកៅ ម៉ាឌីឡែន ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តក្រចេះបានឱ្យដឹងថា មន្ទីរបានអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធជូនប្រជាពលរដ្ឋចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់បច្ចុប្បន្ន គឺបានផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២១ភូមិ ក្នុងសង្កាត់ចំនួន៤និងឃុំចំនួន៥ របស់ស្រុកចំនួន៣និងក្រុង១ ដែលសរុបមាន១៥,៩៨៨បណ្ណ ស្មើនឹង១៣,៨០១គ្រួសារ លើផ្ទៃដីចំនួន៧៨២,២៦៥ ហិកតា។
លោកបន្តថា “មន្ទីរមានផែនការយ៉ាងច្បាស់លាស់ ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដោយក្នុង១ឆ្នាំ សម្រេចឱ្យបាន១ម៉ឺនក្បាលដី ហើយឆ្នាំ២០២០នេះ សម្រេចជាង៧០០០ក្បាលដី បើទោះបីស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ ក៏មិនមានការរាំងស្ទះដល់ក្រុមការងារឡើយ” ។
លោកបន្តទៀតថា ការចុះបញ្ជីដីធ្លីនេះ គឺបានជួយសម្រួលដល់ជីវភាពប្រជាពល រដ្ឋបានជាច្រើន ដូចជា មានកន្លែងរស់នៅមួយដែលពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិតងាយស្រួល អាស្រ័យផលលើផ្ទៃដី ដែលជាកម្មសិទ្ធិរបស់គាត់ផ្ទាល់ពិសេសកាត់បន្ថយនូវទំនាស់ដីធ្លីដែលកើតឡើង ដោយសារការរស់នៅលើដី ដែលមិនច្បាស់លាស់ និងគ្មានបណ្ណកម្មសិទ្ធិជាដើម ។ ម្យ៉ាងទៀត គឺមានបណ្ណកម្មសិទ្ធិស្រប ច្បាប់អាចយកទៅខ្ចីលុយធ្វើដើមទុនរកស៊ីបានទៀតផង។
លោកបញ្ជាក់ថា ពាក់ព័ន្ធរឿងចុះបញ្ជីដីធ្លីជាប្រព័ន្ធនេះ យើងមានលក្ខណៈពិសេសមួយ គឺយើងចុះទៅដល់ទីតាំង យើងចុះបញ្ជីមួយភូមិម្តងៗ ហើយយើងឃើញថាប្រជាពលរដ្ឋនៅខេត្តក្រចេះនេះ គឺលោកសប្បាយចិត្ត ហើយលោកជំរុញឱ្យយើងខ្ញុំឱ្យទៅចុះបញ្ជីនៅភូមិរបស់លោក ដោយសារនៅទីនេះយើងមានតែ៣ក្រុម យើងចុះបញ្ជីបានតែ៣ភូមិ ក្នុងខណ:ដែលមានភូមិជាច្រើនបានស្នើសុំ។ គាត់យល់ដឹងពីការប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីនេះ គឺធានាដោយច្បាប់។
ការចុះធ្វើសកម្មភាពវាស់វែង ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ត្រូវសហការជាមួយអាជ្ញាធរមូល ដ្ឋានគ្រប់ថ្នាក់ ដើម្បីកំណត់ទិសដៅ ហើយបញ្ជូនរបាយ ការណ៍មកខេត្ត ឱ្យបានទាន់ពេលវេលា ដើម្បីត្រួតពិនិត្យ៕