តំបន់​មួយចំនួន​នៅ​ផ្លូវជាតិ​លេខ១០ កំពុង​រៀបចំ​ជាទី​ទេសចរណ៍​អេកូ​អមតៈ​ប្រចាំខេត្ត​ពោធិ៍សាត់

0

ដោយ ៖ វុត្ថា 

ពោធិ៍សាត់ ៖ តំបន់​ដ៏​ស្រស់ស្អាត​នៃ​សម្រស់​ធម្មជាតិ​មួយចំនួន​ដែល​ស្ថិតនៅ​ស្របតាម​ផ្លូវ​ជាត​លេខ១០ ឬ​ផ្លូវ​វិថី​បុប្ផា​លាក់ខ្លួន ដែល​កំពុងមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្រោម​ការអភិវឌ្ឍ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុង​ត្រៀ​វ​បាន​រដ្ឋបាលខេត្ត​យកចិត្តទុកដាក់ និង​ស្វែងរក​ដៃគូ​សហការ​វិនិយោគ​ពី​វិស័យ​ឯកជន​ដើម្បី​ក្លាយ​ជាទី​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដ៏​មាន​ភាព​ទាក់ទាញ​ប្រចាំខេត្ត​ពោធិ៍សាត់។

អភិបាលខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន កាលពីពេលថ្មីៗនេះ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​នៅក្នុង​តំបន់​ពាក់ព័ន្ធ​មួយចំនួន​គ្រោង​រៀបចំ​សហគមន៍​ទេសចរណ៍ធម្មជាតិសំខាន់ៗនៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ដែល​ទីតាំង​ទាំងអស់នោះ​អាច​លើកកម្ពស់​កំណើន​ជីវភាព​ប្រជា​សហគមន៍​ក៏ដូចជា​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​បញ្ឈប់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង​បាន។

លោក​បាន​ប​ញ​ញ​ជា​ក់ថា “ប្រសិនជា​យើង​បង្កើតឱ្យមាន​តំបន់​ទេសចរណ៍ គឺ​យើង​អាច​បំផុស​ឱ្យ​ប្រជា​សហគមន៍​ចូលរួម​ការពារ​ព្រៃឈើ​មិនឱ្យ​មានការ​កាប់បំផ្លាញ​ធ្វើជា​កម្មសិទ្ធិ និង​ធ្វើឱ្យ​តំបន់​នោះ​មាន​រុក្ខជាតិ​ស្រស់បំព្រង ជាហេតុ​ធ្វើឱ្យមាន​ការទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​តំបន់​ទេសចរណ៍​បែប​អេកូ​ទេសចរណ៍​កាន់តែ​ច្រើនឡើង​បន្ថែមទៀត” ។

លោក​បាន​បន្ថែមថា “បច្ចុប្បន្ននេះ​ផ្លូវជាតិ​លេខ១០ ដែលជា​ចំណងដៃ​ដ៏​អមតៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​នឹង​កំពុងផ្តល់​ផ្លែផ្កា​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម តាមរយៈ​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ចំណុច​អក្សរ T ក្នុងស្រុក​សំឡូត​ឆ្លងកាត់​ឃុំ​ក្រពើ​ពីរ ឃុំ​ប្រ​ម៉ោ​យ និង​ឃុំ​អូរ​សោម ស្រុក​វាលវែង នៃ​ខេត្តពោធិ៍សាត់ ឆ្ពោះ​ទៅដល់​ខេត្តកោះកុង” ។

លោក​អភិបាល​បាន​បញ្ជាក់ថា “ប្រសិនជា​បងប្អូន​យើង​មិន​ចូលរួម​ការពារ​ថែរក្សា​ព្រៃ​ធម្មជាតិ ដែលជា​មរតក​ដូនតា​នៅ​តំបន់​អេកូ​ទេសចរណ៍សំខាន់ៗមួយចំនួន​ទេនោះ បងប្អូន​មានតែ​ខាតបង់​ផលប្រយោជន៍​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​កូនចៅ​យើង​ជំនាន់ក្រោយៗទៀត។ វា​ប្រាកដ​ណាស់​ថា តំបន់​អូរ​សោម​គឺ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ ព្រោះថា​ទីតាំង​នេះ​មាន​អាកាសធាតុ​ត្រជាក់ មាន​ជ្រលង​ភ្នំ​បុព្វ​តា មាន​ព្រៃឈើ និង​មាន​ទឹកធ្លាក់ ក៏ដូចជា​មាន​ផ្ទៃសមុទ្រ​ទឹកសាប ដែល​អាច​ទាញយក​ថាមពល​អគ្គិសនី​បាន ហើយ​បើ​ប្រៀបធៀប​នឹង​ផ្ទៃ​ប្រទេស​ទាំងមូល​ប្រហែលជា​មិនអាច​ប្រៀប​ស្មើ​នោះទេ។ ដូច្នេះហើយ ក្នុងនាម​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ សូម​ចូលរួម​ថែរក្សា​ព្រៃ​ធម្មជាតិ ក៏ដូចជា​ចូលរួម​សហការ​អភិរក្ស បង្ការ និង​ទប់​ស្តា​ត់ ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង ដើម្បី​បានផ្តល់​ជា​អត្ថប្រយោជន៍​ជូន​ប្រជាជន​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អូរ​សោម​នេះ​ផ្ទាល់​តែម្តង” ។

ដោយឡែក​សម្រាប់​ទីតាំង និង​តំបន់​មួយចំនួន​ដែល​គ្រោង​នឹង​អភិវឌ្ឍ​ជាទី​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រចាំ​ស្រុក​វាលវែង គឺមាន​ទីតាំង​ទឹកធ្លាក់​ធម្មជាតិ​ឆាយ​រកា ចំណុច​បឹង​ស្លា វាល​តារាង​យន្តហោះ​ជាប់​នឹង​បឹង​ក្រពើ​ភ្នំ ក្បាល​អូរ​សោម និង​តំបន់​មួយចំនួន​ជាប់​នឹង​ផ្ទៃ​ទឹក​បាត​អាង​វ៉ា​រី​អគ្គិសនី៕

LEAVE A REPLY

Please enter your comment!
Please enter your name here