ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រោយការគំរាមកំហែងពីវិបត្តិនៃជំងឺឆ្លង ក្នុងសហគមន៍ក្រោមការគ្រប់គ្រង និងទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ការទិញលក់អចលនទ្រព្យ អាចនឹងមានសកម្មភាពឡើងវិញខ្លះ ហើយបន្តរហូតដល់ឆមាសទី២នៃឆ្នាំដដែល ទើបអាចមានកំណើនឡើងវិញបន្តិចបន្តួច។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា ក្រោយការបញ្ចប់នូវព្រឹត្តិការណ៍២៨វិច្ឆិកា កាលពីពេលកន្លងទៅថ្មីៗនេះ សម្រាប់អ្នកដែលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមមានសកម្មភាពចេញដើរមើលគម្រោង និងផ្សព្វផ្សាយឡើងវិញ រួមមានទាំងអ្នកកាន់គម្រោង អ្នកវិនិយោគ ក៏ដូចជាអតិថិជន ដែលមានបំណងទិញអចលនទ្រព្យសម្រាប់តម្រូវការជាក់ស្ដែងផងដែរ។
លោកបន្តទៀតថា “មនុស្សមួយចំនួនចាប់ផ្តើមចេញដើរវិញជាបណ្តើរៗ ដែលក្នុងរួមមានទាំងភ្នាក់ងារលក់ អ្នកវិនិយោគក៏ដូចជា អតិថិជនដែលស្វែងរកអចលនវត្ថុសម្រាប់បំពេញតម្រូវការជាក់ស្ដែងផងដែរ” ។ លោកបន្តថា “សកម្មភាពទាំងនេះ គ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ប៉ុន្តែបើឱ្យនិយាយថា សកម្មភាពទីផ្សារចាប់ផ្តើមានភាពមមាញឹក ឬពុះកញ្ជ្រោលឡើងវិញនោះ គឺនៅមិនទាន់អាចទៅរួចនោះទេ” ។
លោកបន្តថា “វាត្រូវការពេលវេលាបន្ថែមទៀត តាមខ្ញុំគិត បើមិនស្ថានភាពនៃការរាលដាលជំងឺឆ្លងត្រូវបានគ្រប់គ្រងបានដូចស្វថ្ងៃ ហើយប្រសិនបើយើងទទួលបាននាំយកវ៉ាក់សាំង មកកាន់កម្ពុជារួចរាល់នោះខ្ញុំជឿថា យ៉ាងយូរនៅត្រឹមពាក់កណ្តាលឆ្នាំ ឬនៅក្នុងអំឡុងឆមាសទី២ ឆ្នាំ២០២១នេះ ចរន្តទីផ្សារអចលនទ្រព្យ នឹងចាប់ផ្តើមមានកំណើនឡើងវិញ ប៉ុន្តែនៅមិនទាន់ខ្លាំងក្លានោះទេ” ។
លើកឡើងស្រដៀងគ្នាខាងលើនេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “សកម្មភាពទិញលក់អចលនទ្រព្យ ដែលភាគច្រើនសំដៅលើទីផ្សារលំនៅដ្ឋានកម្រិតមធ្យម និងទីផ្សារដីធ្លីដែលមានតម្លៃក្រោម១លានដុល្លារ គឺកើតចេញពីតម្រូវការជាក់ស្ដែងរបស់អតិថិជន ដែលជាជនជាតិខ្មែរ ឬអ្នកវិនិយោគនៅក្នុងស្រុកតែប៉ុណ្ណោះ” ។
លោកស្រីថា “ទីផ្សារដែលនៅបន្តមានសកម្មភាពសព្វថ្ងៃនេះ ភាគច្រើនគឺមានតែការទិញលក់លំនៅដ្ឋានជាន់ផ្ទាល់ដី តម្លៃសមរម្យក្រោម៧ម៉ឺនដុល្លារ ឬលើសពីនេះតិចតួច រួមជាមួយនឹងការទិញលក់ដីធ្លីក្នុងទ្រង់ទ្រាយតូចតែប៉ុណ្ណោះ” ។ លោកស្រីបន្តថា “បើសម្រាប់ការទិញលក់អចលនវត្ថុ ឬដីធ្លីដែលមានតម្លៃថ្លៃលុះត្រា តែការដាក់លក់នៅក្នុងតម្លៃមួយទាបជាងទីផ្សារ ដែលអាចផ្តល់ឱកាសចំណេញច្រើន ក្រោយបញ្ចប់វិបត្តិជាសាកលតែប៉ុណ្ណោះ” ។
លោកស្រីអាន សុធីតាបានបញ្ជាក់ថា បើទោះជាស្ថានភាពនៃការរីករាលដាលជំងឺនៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលធ្វើការទប់ស្កាត់ ទទួលបានលទ្ធផលល្អប្រសើរក្ដី ប៉ុន្តែសម្រាប់ទីផ្សារអចលនទ្រព្យ ជាពិសេសគម្រោងអភិវឌ្ឍន៍សំណង់ធំៗដែលមានតម្លៃលានដុល្លារភាគច្រើន ជាការបណ្តាក់ទុនវិនិយោគ ពីសំណាក់ក្រុមហ៊ុនអន្តរជាតិដែលជាជនបរទេសមកពីក្រៅស្រុក។ ដូច្នេះទោះជានៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរក្នុងការគេចេញពីវិបត្តិនេះ ប៉ុន្តែនៅតាមបណ្តាប្រទេសមួយចំនួនទៀត នៅមិនទាន់ស្រាកស្រាននោះទេ។
លោកស្រីបន្តថា ទោះជាបណ្តាប្រទេសមួយចំនួន បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងយ៉ាងណាក៏ដោយ ប៉ុន្តែវាក៏ត្រូវការពេលវេលាសម្រាប់ពួកគេ ដែលជាអ្នកវិនិយោគរៀបចំ ត្រៀមខ្លួនឡើងវិញសាជាថ្មី ក្នុងការចាប់សម្រេចចិត្តចាប់ផ្តើមបន្ទាន់ ពីទទួលរងគ្រោះដោយសារតែវិបត្តិនៃជំងឺជាសាកលមួយនេះ។ ក្រោយពេលពួកគេរៀបចំ និងត្រៀមខ្លួនរួចរាល់គឺវាត្រូវការពេលវេលាបន្តិច ដូច្នេះចង់មិនចង់ក៏ត្រូវចំណាយពេលមិនតិចជាង ១ឆ្នាំនោះទេ៕