ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ឆ្លងផុតឆ្នាំ២០២០ ដែលប្រឈមទៅនឹងហានិភ័យខ្ពស់នៃការរាលដាលឆ្លងជំងឺក្នុងសង្គមនោះ សម្រាប់ដើមឆ្នាំ២០២១នេះ ត្រូវបានអ្នកអភិវឌ្ឍ និងភ្នាក់លក់លំនៅដ្ឋានជាប់ដីតម្លៃសមរម្យដែលស្ថិតនៅតាមតំបន់ជាយក្រុងអះអាងថាបានចាប់ផ្តើមមានសកម្មភាពឡើងវិញសាជាថ្មីក្រោយពីការប្រកាសបញ្ចប់ភាពភ័យខ្លាចនៃព្រឹត្តិការណ៍២៨វិច្ឆិកា។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌីបានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះថា ចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសបញ្ចប់ពីភាពភ័យខ្លាចក្នុងព្រឹត្តិការណ៍២៨វិច្ឆិកាកាលពីពេលកន្លងទៅថ្មីៗនេះ កំណើននៃការលក់លំនៅដ្ឋានតម្លៃសមរម្យដែលស្ថិតនៅតាមបណ្តាតំបន់ជាយក្រុងនានាចាប់ផ្តើមកម្រើកឡើងវិញ។
លោកបន្តថា “ការកើនឡើងនៃការលក់នេះ ក៏ព្រោះតែមនុស្សចាប់ផ្តើមចេញដើរសាជាថ្មី លែងមានការភ័យខ្លាច ដែលក្នុងរួមមានទាំងអ្នកតំណាងផ្នែកលក់ក៏ទៅកាន់ទីតាំងគម្រោង ទាំងអ្នកមានតម្រូវការទិញសម្រាប់ស្នាក់នៅជាក់ស្ដែង ក៏ដូចជាអ្នកដែលមានទុនគ្រប់គ្រាន់ទិញទុកសម្រាប់ជួល ឬវិនិយោគបន្តយកចំណេញផងដែរ”។
លោកបញ្ជាក់ទៀតថា “កំណើននៃការលក់ទាំងអស់នេះ ភាគច្រើនជាប្រភេទលំនៅដ្ឋានដែលមានតម្លៃសមរម្យ ឬក្រោម៧ម៉ឺនតែប៉ុណ្ណោះ ព្រោះអតិថិជនដែលមានតម្រូវការពិតភាគច្រើនពួកគាត់មានលទ្ធភាពសមស្របទៅនឹងលំនៅដ្ឋានប្រភេទនេះ ហើយរឹតតែបង្កភាពងាយស្រួលដល់ពួកគាត់ គឺមានឥណទានលំនៅដ្ឋានដែលពួកគាត់អាចទទួលបានពីធនាគារដែលជាដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍រួមជាស្រេច ហើយថែមតាំងរួចផុតពីការបង់ពន្ធប្រថាប់ត្រាក្រោមការអនុគ្រោះពីសំណាក់រាជរដ្ឋាភិបាល ដែលកាន់តែជួយធ្វើឱ្យតម្លៃថ្លៃដើមនៃលំនៅដ្ឋានចុះទាប”។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ថា “ទីផ្សារលំនៅដ្ឋាននៅពេលពេលបច្ចុប្បន្ន គឺនៅតែមានភាពរឹងមាំខុសប្លែកពីវិស័យដទៃទៀតដោយសារតែទីផ្សារ និងតម្រូវការពិតប្រាកដគឺផ្តើមចេញពីអ្នកនៅក្នុងស្រុក”។
លោកស្រីបញ្ជាក់ថា “ការអភិវឌ្ឍន៍នានានៅក្នុងវិស័យលំនៅដ្ឋានគឺផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុកមិនមែនមកពីក្រៅប្រទេសនោះទេ ហើយអ្នកអភិវឌ្ឍន៍ក៏បានសិក្សាយ៉ាងច្បាស់ទៅលើកម្រិតនៃតម្រូវការ រួមជាមួយលទ្ធភាពរបស់អតិថិជនគោលរបស់ពួកគេ ដូច្នេះរាល់គម្រោងអភិវឌ្ឍទាំងអស់ភាគច្រើនមិនជាប់គាំងនោះទេ ហើយមានអត្រាទទួលបានភាពជោគជ័យខ្ពស់”។
លោកស្រីបន្តថា “ខ្ញុំជឿជាក់ថា នៅឆ្នាំ២០២១ នេះ ទីផ្សារអចលនទ្រព្យរួមនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញជាបណ្តើរ ខណៈដែលបច្ចុប្បន្ននេះលទ្ធផលនៃការប្រើប្រាស់ថ្នាំបង្ការ ឬវ៉ាក់សាំងការពារជំងឺឆ្លង ត្រូវបានចាប់ផ្តើមអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួន ហើយរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការនាំយកវ៉ាក់សាំងមកកាន់កម្ពុជាក្នុងពេលឆាប់ខាងមុខនេះផងដែរ”៕