អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​សាទរ​នឹង​សកម្មភាព​ទីផ្សារ​ចាប់ផ្ដើម​កម្រើក​ឡើងវិញ​នៅ​ដើមឆ្នាំ២០២១

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាការ​ចាប់ផ្តើម​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​នៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​ផុស​ចេញពី​តម្រូវការ​ក្នុងស្រុក​នា​ដើមឆ្នាំ២០២១នេះ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​សាទរ​ជាមួយនឹង​ក្ដី​រំពឹងថា ភាពល្អប្រសើរ​អាច​នឹង​ចាប់ផ្តើម​មាន​ឡើងវិញ​នៅត្រឹម​ឆមាស​ទី២នៃ​ឆ្នាំនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ថា ពេលនេះ​សញ្ញា​វិជ្ជមាន​នៃ​ទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើម​បង្ហាញ​បន្តិចម្ដងៗទៅតាម​ជំហាន​ដែល​បាន​ផុស​ចេញពី​តម្រូវការ​ជាក់ស្ដែង​នៅក្នុង​ស្រុក​បន្ទាប់ពី​ភាព​គំរាមកំហែង​នៃ​វិបត្តិ​ឆ្លង​ជំងឺ​នៅក្នុង​សហគមន៍​ត្រូវបាន​បញ្ចប់។

លោក​បាន​បន្តថា “ខ្ញុំ​និយាយ​តែ​ចំពោះ​ទីផ្សារ​លំនៅដ្ឋាន បើទោះបីជា​ស្ថិតនៅក្នុង​ស្ថានភាព​ប្រឈម​កាលពី​អំឡុង​ឆ្នាំ២០២០ សកម្មភាព​ទិញ​លក់​មួយចំនួន​នៅតែ​បន្ត​មាន​សកម្មភាព ប៉ុន្តែ​ទើបតែ​នៅ​ចុងឆ្នាំ២០២០តែប៉ុណ្ណោះ​ដែល​ធ្វើឱ្យ​ទីផ្សារ​លំនៅដ្ឋាន​ត្រូវ​រង​នូវ​ភាពស្ងប់ស្ងាត់​ដោយសារតែ​ការគំរាមកំហែង​ពី​វិបត្តិ​នៃ​ជំងឺឆ្លង​នៅក្នុង​សហគមន៍ ដែល​មនុស្ស​មិន​ហ៊ាន​ចេញ​ចេញ​ដើរ​ក្រៅ និង​អនុវត្តតាម​វិធាន​ការដែល​ណែនាំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា” ។

លោក​បញ្ជាក់ថា “សម្រាប់​ដើមឆ្នាំ២០២១ដែល​ទើបតែ​ឈានចូល​មកដល់ថ្មីៗនេះ យើង​ឃើញថា សកម្មភាព​ទិញ​លក់​នៃ​ទីផ្សារ​លំនៅដ្ឋាន​ចាប់ផ្តើម​កម្រើក​ឡើងវិញ​បន្ទាប់ពី​ព្រឹត្តិការណ៍​នៃ២៨វិច្ឆិកា​ត្រូវបាន​ប្រកា​សប​ញ​ញ​ចប់​ជា​ស្ថាពរ។ ប៉ុន្តែ​ទាំងនេះ​វា​គ្រាន់តែ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ការចាប់ផ្តើម​តែប៉ុណ្ណោះ ហើយ​តាម​ការរំពឹងទុក​អាច​ចំណាយពេល​រហូតដល់​ពាក់​កណ្តាល​ឆ្នាំ ឬ​អំឡុង​ឆមាស​ទី២ ទើប​ស្ថានភាព​ល្អប្រសើរ​របស់​ទីផ្សារ​ចាប់ផ្តើម​មាន​សកម្មភាព​ខ្លាំង​ឡើងវិញ” ។

អគ្គនាយក​ក្រុមហ៊ុន PREMUIM Group លោក ម៉ាន់ ច័ន្ទ​ឌី ដែលជា​អ្នក​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម​នៅតាម​តំបន់​ជាយក្រុង​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅដ្ឋាន​តម្លៃ​មធ្យម​ហាក់​មិន​រង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​នោះទេ ជាក់ស្ដែង​នៅត្រឹម​ដើមឆ្នាំ២០២១នេះ សំណង់​លំនៅដ្ឋាន​របស់លោក​ត្រូវបាន​លក់​ចេញ​អស់​គ្មាន​សល់​នោះទេ។

លោក​បញ្ជាក់ថា “នៅ​ដើម​ឆ្នាំនេះ គម្រោង​របស់ខ្ញុំ​ត្រូវបាន​លក់​អស់ហើយ ហើយ​ខ្ញុំ​ក៏​កំពុង​រៀបចំ​គម្រោង​ថ្មី​ដែល​នឹងត្រូវ​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​នៅក្នុងពេលឆាប់ៗខាងមុខនេះ” ។ លោក​បញ្ជាក់ថា “ចាប់តាំងពី​ដើមឆ្នាំ២០២១ នេះ​ទៅ ប្រសិនបើ​ស្ថានភាព​នៃ​ការទប់ស្កាត់​វិបត្តិ​ជំងឺឆ្លង​មាន​ភាពល្អប្រសើរ​ដូច​បច្ចុប្បន្ន ហើយ​ការនាំយក​វ៉ាក់សាំង​មកកាន់​កម្ពុជា​សម្រាប់​ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ​ប្រកបដោយ​ប្រសិទ្ធភាព នោះ​វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អាចជួយ​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ ជាពិសេស​ទីផ្សារ​លំនៅដ្ឋាន​កាន់​តែមាន​សកម្មភាព​ទ្វេដង”  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here