ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅភាគខាងកើតត្រើយម្ខាងរាជធានីភ្នំពេញនៅពេលបច្ចុប្បន្ននេះត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យលើកឡើងថា នៅមិនទាន់មានភាពទាក់ទាញ និងសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានដូចនៅតំបន់ភាគខាងត្បូង និងខាងជើងក្រុងនោះទេ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា សម្រាប់ប៉ែកខាងកើត និងស្ថិតនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នៅមិនទាន់មានភាពទាក់ទាញខ្លាំងក្នុងការអភិវឌ្ឍន៍លំនៅដ្ឋានដូចជាសំណង់បុរីនៅឡើយនោះទេ បើមានក៏មានតិចតួចដែលជាតម្រូវទៅតាមតម្រូវការជាក់ស្ដែងនៅក្នុងតំបន់តែប៉ុណ្ណោះ។
លោកស្រីបានបន្តថា “បើនិយាយពីលក្ខខណ្ឌភូមិសាស្ត្រនៅប៉ែកខាងកើតនេះគឺមានអំណោយផលល្អដល់ការរស់នៅ ព្រោះខ្យល់ជំនោរត្រជាក់ពីដងទន្លេដែលស្ថិនៅសងខាង ហើយក៏មានភាពស្ងប់ស្ងាត់ល្អផងដែរ ប៉ុន្តែអ្វីដែលជាឧបសគ្គក្នុងកិច្ចអភិវឌ្ឍន៍ពីវិស័យឯកជននោះគឺកត្តាកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ដែលជាចំណុចសំខាន់បំផុតក្នុងការទាក់ទាញនៅក្នុងតំបន់មួយនេះ”។
លោកស្រីបន្តថា “យើងធ្លាប់បានឃើញរួចមកហើយ គ្រាន់តែមានដំណឹងពីការកសាងស្ពានតភ្ជាប់ពីតំបន់អរិយក្សត្រមកកាន់ជ្រោយចង្វារបានធ្វើឱ្យកំសួលនៃការទិញលក់ដីធ្លីនៅក្នុងតំបន់មានការកើនឡើង ប៉ុន្តែក៏ស្ងប់បាត់ទៅវិញនៅពេលដែលពេលវេលាចេះតែរំលងផុតទៅ និងនៅមិនទាន់មានដំណឹងជាក់លាក់នៅឡើយ”។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន បានមានប្រសាសន៍ផងដែរថា ជាមួយនឹងភាពអំណោយផលដល់ការរស់នៅ បច្ចុប្បន្នមានឈ្មួញមួយចំនួនបានដើរទិញដីគ្រប់ទំហំទាំងតូចទាំងធំសម្រាប់លក់បន្តយកចំណេញ ជាពិសេសក្រោយពេលមានការតភ្ជាប់ស្ពានដូចការបង្ហើបរបស់រាជរដ្ឋាភិបាលកាលពីកន្លងទៅថ្មីៗនេះ។
លោកបន្តថា “តាមខ្ញុំដឹងពេលមានក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនបានទិញដីទុករួចហើយសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន គ្រាន់តែសកម្មភាពនៃការចាប់ផ្តើមនៅមិនទាន់មកដល់។ ពួកគេនៅរង់ចាំពេលបន្តិចទៀត ព្រោះបើសាងសង់នៅពេលនេះក៏មនសូវជាមានទីផ្សារខ្ពស់នោះដែរ ដោយសារតែភាពខ្វះខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់”។
លោកថា “យើងឃើញមានក្រុមហ៊ុនមួយចំនួនអភិវឌ្ឍន៍ជាសំណង់បុរីប្រមាណ៥គម្រោង ប៉ុន្តែភាគច្រើនគម្រោងទាំងនេះគឺអភិវឌ្ឍន៍នៅតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធស្រាប់ និងជាទីប្រជុំដែលមានមនុស្សរស់ស្រាប់ ជាក់ស្ដែងដូចជាបុរីទួលសង្កែរ បុរីចតុមុខជាដើម ប៉ុន្តែសម្រាប់តំបន់ផ្សេងទៀតនៅមិនទាន់ចាប់អនុវត្តគម្រោងនោះទេ ព្រោះត្រូវការចំណាយទុនថ្លៃដើមបន្ថែមក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រសិនបើស្ពានត្រូវបានសាងសង់តភ្ជាប់ជាមួយជ្រោយចង្វាររាជធានីភ្នំពេញ នោះនឹងមានភាពទាក់ទាញ ហើយតម្លៃអចលនវត្ថុក៏កើនឡើង ដូច្នេះអ្នកអភិវឌ្ឍន៍អាចគិតឡើងវិញពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីងាយស្រួលលក់គម្រោងរបស់ខ្លួន” ៕