ដោយ ៖ រ៉ាណេត
សៀមរាប ៖ រដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននឹងកំពុងត្រួតពិនិត្យទៅលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប រួមជាមួយនឹងការស្វែងរកដំណោះបញ្ហាមួយចំនួនដែលក្រុមហ៊ុនទទួលសាងសង់កំពុងប្រឈម និងជួបប្រទះ។
លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះថា ដើម្បីដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ខ្សែទូទាំងក្រុងសៀមរាបអាចដំណើរការទៅបានរលូន គឺតម្រូវឱ្យមានការស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេសនៅក្នុងសៀវភៅបន្ទុក និងមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងតំបន់។
លោកបានបន្តថា “យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទះខ្ពស់ និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់”។
សម្រាប់ផែនការមេ និងប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ ០០៤ សសរ ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មការធិការរៀបចំដែនដី និងគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប។
ដោយឡែកគម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចទម្លាក់កញ្ចប់ថវិកាចំនួន១៥០លានដុល្លារអាមេរិក កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ។
គម្រោងស្ថាបនាផ្លូវទំាង៣៨ខ្សែក្នុងក្រុងសៀមរាបនេះធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការបំរើសេវាជូនប្រជាពលរដ្ឋទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ដោយនឹងត្រូវកែលម្អឡើងវិញទាំងអស់ឱ្យទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង៕