ដោយ៖ ឈុនហេង
ភ្នំពេញ៖ ជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិការបុរី វិមានសំណាង បានចូលរួមក្នុងការអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម។
ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ជំទាវឧកញ៉ា គង់ សំណាង បានធ្វើការណាត់ជួបជាមួយ សមាគមន៍អភិវឌ្ឍន៍សង្គមខ្មែរ ក្នុងគោលបំណងដើម្បីជួយជម្រុញ និងពង្រីកសិប្បកម្មខ្មែរ ឲ្យមានសង្វាក់ផលិតកម្មខ្មែរទៅតាមតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។
លោកជំទាវឧកញ៉ាគូសបញ្ជាក់ថា នេះជាការចូលរួមអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលបានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និងទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ ប្រកបដោយស្មារតីជាតិនិយម និងបណ្តុះមនសិការ «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ» ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មក្នុងស្រុកបន្តអត្ថិភាព សំដៅលើកកម្ពស់ កិត្យានុភាពជាតិ និងភាពម្ចាស់ការ។
សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ លោកជំទាវ ឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរី វិមានសំណាង ក៏ទើបតែបានប្រកាសចេញដើមទុនក្នុងការវិនិយោគផលិតរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងទេសផ្សេងៗ សម្រាប់ផ្គត់ផ្គង់ និងលក់ចែកចាយនៅក្នុងស្រុកផងដែរ៕