ដោយៈលក្ខិណា
ភ្នំពេញៈ នៅក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ឆ្នាំ២០២០ ការអភិវឌ្ឍអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថា មានការថមថយកំសួសបន្តិច បើធៀបនឹងខេត្តកំពត និងកែប។
អ្នកជំនាញលើកឡើងថា នៅក្នុងវិបត្តិកូវីដ១៩ អចលនទ្រព្យភាគច្រើននៅកម្ពុជា គឺទទួលបានការវិនិយោគពីវិនិយោគិនក្នុងស្រុក ខណៈវិនិយោគិនបរទេស ធ្លាក់ចុះច្រើន។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ Advance បានមានប្រសាសន៍ថា កាលពីប៉ុន្មានឆ្នាំមុន ការអភិវឌ្ឍតាមខេត្តក្រៅពីភ្នំពេញ គេឃើញថាខេត្តព្រះសីហនុ គឺមានសន្ទុះជាងគេទៅហើយ ហើយមកដល់ឆ្នាំ២០២០កន្លងទៅនេះ ការវិនិយោគលើសំណង់គឺវាមានភាពឆ្អែតទៅហើយ ជាក់ស្ដែងអគារដែលបានសាងសង់ពីមុនៗនោះ ក៏បានរួចរាល់ និងសម្រាប់ផ្ដល់ជូនវិនិយោគិនបរទេស ។
លោកបន្តថា “ឆ្នាំ២០២០ ជាឆ្នាំដែលកើតវិបត្តិ ហើយនៅក្នុងឆ្នាំនោះដែរ វិនិយោគិនបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជាក៏បានថមថយ ដែលធ្វើឱ្យការវិនិយោគនៅក្នុងខេត្តព្រះសីហនុ មានការថមថយជាងឆ្នាំមុនៗ”។ លោកបន្តថា “ឆ្នាំ ២០២០គឺជាឆ្នាំដែលវិនិយោគិនក្នុងស្រុកដាក់ទុនវិនិយោគ ហើយពួកគេត្រូវការដីដែលមានតម្លៃទាប”។
ចំណែកកំពង់សោម តម្លៃដីខ្ពស់ណាស់ទៅហើយ ដែលធ្វើឱ្យវិនិយោគិនក្នុងស្រុកត្រូវបង្វែទិសដៅទៅកាន់ខេត្តកំពត និងកែប ព្រោះទីនោះដីធ្លីមានតម្លៃទាបនៅឡើយធៀបនឹងក្រុងព្រះសីហនុ។
លោកបន្ថែមថា នៅក្នុងខេត្តព្រះសីហនុ បើនិយាយនៅទីប្រជុំជន គឺផ្ដោតលើតំបន់ពាណិជ្ជកម្ម ដូចជាកាស៊ីណូ សណ្ឋាគារជាដើម តែក៏មានតំបន់ខ្លះសម្រាប់សាងសង់ជាតំបន់លំនៅឋានដែរ ដូចជាតំបន់ភ្នំរាម និងតំបន់ជាយៗក្រុងទៀត ។
លោកបន្ថែមទៀតថា បើនិយាយពីខេត្តកំពតវិញ ឃើញថាមួយរយៈនេះ វិនិយោគិនក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍និងបោះទុនវិនិយោគជាហូរហែរ ដោយសារកត្តាមួយចំនួន ដូចជា ស្ថានភាពផ្លូវកាន់តែស្រួល ជាក់ស្ដែងផ្លូវជាតិលេខ៣ ឃើញថាក៏កាន់តែជិតរួចរាល់ និងអាចធ្វើដំណើរទៅមកបានស្រួល ។
ជាមួយគ្នានេះប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០ វិស័យនេះពិតជាមានបញ្ហានិងមានការធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះឡើយ ដោយសារតែវិបត្តិនៃការរាតត្បាតនៃជំងឺកូវីដ១៩។
លោកបន្តថា “សម្រាប់ឆ្នាំ២០២១វិស័យនេះ ខ្ញុំរំពឹងថានឹងអាចមានកំណើនល្អប្រសើរឡើងវិញដូចមុនពេលមានវិបត្តិ”។
អ្នកនាំាំពាក្យរដ្ឋបាលក្រុងព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយសារការរីករាលដាលមេរោគកូវីត១៩ ប៉ុន្តែនៅពេលស្ថានភាពជំងឺនេះបានធូរស្រាល និងវ៉ាក់សាំងមានប្រសិទ្ឋភាព ក្រុងព្រះសីហនុនឹងមានការរីកចម្រើនឡើងវិញ ខណៈបច្ចុប្បន្នមានជើងហោះហើរពីប្រទេសចិន៣ បួនលើកប៉ុណ្ណោះក្នុងមួយសប្តាហ៍ បានចុះចតនៅព្រលានយន្តហោះក្រុងព្រះសីហនុ។
លោកបន្តថា “ខ្ញុំជឿថាសេដ្ឋកិច្ចក្រុងព្រះសីហនុ នឹងមានការររីកចម្រើនឡើងវិញលឿន នៅពេលដែលជំងឺកូវីដបានធូរស្រាល ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរបានងាយស្រួលនាពេលខាងមុខ”៕