ដោយៈ រ៉ាណេត
ភ្នំពេញៈ ដោយសារការសម្លឹងឃើញពីវិសាលភាពនៃទីផ្សារ ជាពិសេសឱកាសនៃការទទួលផលចំណូលច្រើន ពីកម្រៃជើងសារមានមនុស្សជាច្រើន បានចាប់អារម្មណ៍ធ្វើជាភ្នាក់ងារលក់គម្រោងខុនដូ ក្នុងរូបភាពជាភ្នាក់ងារនីតិបុគ្គល និងការបង្កើតក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ។
នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ YOUNGSIA Real Estate លោក Cooler Tan បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ទីផ្សារខុនដូនៅកម្ពុជា គឺមានវិសាលភាពធំទូលាយ និងបន្តភាពរីកចម្រើនទៅមុខបន្ថែមទៀត ក្នុងរយៈពេលយូរឆ្នាំ ដោយសារតែទីផ្សារមួយនេះ ទើបតែចាប់ផ្តើមសាយភាយមួយរយៈពេលចុងក្រោយនេះតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា “មុនពេលសម្រេចទទួលលក់គម្រោងខុនដូណាមួយចាំបាច់ត្រូវសិក្សា ស្វែងយល់ឱ្យបានច្បាស់ ជាពិសេសពិនិត្យទៅលើចំណុចសំខាន់ៗចំនួន៥ ដើម្បីជៀសវាងជួបភាពបរាជ័យលើការលក់”។
លោកបន្តថា ថ្វីត្បិតថា ការលក់គម្រោងខុនដូ អាចទទួលបានចំណូលខ្ពស់ពីកម្រៃជើងសារច្រើន ជាងលក់ផ្នែកដទៃនៃវិស័យអចលនទ្រព្យ ប៉ុន្តែក៏មានអ្នកខ្លះជួបភាពបរាជ័យ ខូចកេរ្តិ៍ឈ្មោះរហូតបិទទ្វារក្រុមហ៊ុន ក៏មានខណៈដែលលក់ប៉ះចំគម្រោងគាំង ឬគម្រោងមិនច្បាស់លាស់។ មុនពេលទទួលគម្រោងចាំបាច់ ត្រូវតែពិនិត្យទៅលើចំណុចចំនួន៥ ដូចជាឯកសារផ្លូវច្បាប់ ទីតាំង លក្ខណៈពិសេសរបស់គម្រោង តម្លៃ និងលក្ខខណ្ឌនៃការបង់ប្រាក់របស់អតិថិជន។
លោកពន្យល់ថា ទី១ ពាក់ព័ន្ធទៅនឹងឯកសារផ្លូវច្បាប់ គឺជារឿងសំខាន់បំផុត តើជាគម្រោងនេះស្របច្បាប់ ឬទេ។ ទី២ តើទីតាំងរបស់គម្រោងមានអំណោយ និងសក្ដានុពលកម្រិតណា ទី៣ លក្ខណៈពិសេសរបស់គម្រោង រួមមាន ការរចនាម៉ូដខាងក្នុង និងខាងក្រៅ ការបំពាក់សម្ភារៈដែលធានាបាននូវភាពទាន់សម័យ ផ្តល់ផាសុកភាពដល់អ្នកនៅ ផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុត ទី៤ កត្តាតម្លៃតើស្ថិតនៅក្រោមទីផ្សារ ឬលើទីផ្សារ ងាយស្រួលក្នុងការលក់ និងទទួលបានចំណែកទីផ្សារបែបណា ហើយបន្តទៅថ្ងៃអនាគតអាចឡើងតម្លៃ ដែលផ្តល់ផលចំណេញដល់អតិថិជនឬទេ ហើយទី៥ គឺកត្តានៃលក្ខខណ្ឌបង់ប្រាក់មានភាពងាយស្រួលដល់អតិថិ។
លោកបន្តថា “ក្រោយពេលពិនិត្យច្បាស់ ទៅលើចំណុចសំខាន់ៗដូចដែលបានបញ្ជាក់ជូនខាងលើនេះ ឱកាសនៃការលក់នឹងមានអត្រាជោគជ័យខ្ពស់ជាក់ជាមិនខាន”៕