ដោយ ៖ គង់ សូរិយា
ភ្នំពេញៈ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋចំនួន៣៤ខ្សែទូទាំងក្រុងសៀមរាប សម្រេចបានប្រមាណ១៥ភាគរយហើយ រហូតមកទល់ពេលនេះ ដែលហេដ្ឋារចនាសម្ព័ន្ឋទាំងនេះនឹងផ្លាស់ប្តូរមុខមាត់ក្រុងសៀមរាបកាន់តែស្រស់ស្អាតថែមទៀត។
យោងតាមព៌តមាន ដែលបានផ្សព្វផ្សយលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីម្សិលម៉ិញបានឲ្យដឹងថា រហូតមកទល់ពេលនេះការស្ថាបនាផ្លូវទាំង៣៤ខ្សែ សម្រេចបានប្រមាណ14.27% (ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន) ជាវឌ្ឍនភាពគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១”។
នៅក្នុងកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តន៍ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពស ម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពី លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង ព្រមទាំងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ។
ជាជំហានបន្ទាប់ គណៈកម្មការអន្តរក្រសួង នឹងធ្វើការបន្តការត្រួតពិនិត្យតាមដានការងារ ព្រមទាំងធ្វើការដោះស្រាយកែតម្រូវចំណុចខ្វះចន្លោះ ដើម្បីធានាថា ការស្ថាបនា នឹងពិតជាមានគុណភាពតាមបទដ្ឋាបច្ចេកទេសផ្លូវថ្នល់ និងសៀវភៅបន្ទុក ព្រមទាំងជំរុញដោះស្រាយនូវផលប៉ះពាល់ ដែលនៅសេសសល់មួយចំនួនតូចឱ្យបានចង់សព្វគ្រប់៕