ទីក្រុងកោះពេជ្រនឹងមានវត្តមានអាគារកំពស់៤០០ម៉ែត្រនាពេលខាងមុខ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញៈ ទីក្រុងកោះពេជ្រនឹងមានវត្តមានអាគារកប់ពពក កំពស់ប្រមាណ៤០០ម៉ែត្រនាពេលខាងមុខនេះ ដែលគំរោងនេះនឹងវិនិយោគដោយក្រុមហ៊ុនចិនដ៏ធំមួយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា តាមលោកដឹងក្រុមហ៊ុនចិន បាននិងកំពុងត្រៀមសាងសង់អាគារកំពស់៤០០ម៉ែត្រនៅលើទីក្រុងកោះពេជ្រ ដែលគំរោងនេះស្ថិតនៅតំបន់ក្មេងលេងកំសាន្តនាពេលរាត្រីកន្លងមក(ស្ថិតនៅចំហៀងផ្នែកខាងកើតមហោស្រព)។

លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងរៀបចំគ្រឹះបណ្តើរៗហើយ ដែលការបើកការដ្ឋានសាងសង់នាពេលណា ខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ”។លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនក៏បានព័ទ្ឋរបងនៅចំណុចក្បាលកោះ ដើម្បីរៀបចំជាការិយាល័យ និងរៀបចំចំណតសម្រាប់ទូកផងដែរ”។

យ៉ាងណាក្តីលោកមិនបញ្ជាក់ឲ្យដឹងពីឈ្មោះក្រុមហ៊ុននេះនៅឡើយទេ ខណៈររបងសាងសង់គំរោងនេះ ក៏មិនទាន់បានបង្ហាញវត្តមាន ឬស្លាកបង្ហាញគម្រោងផងដែរ។

លោកទូច សំណាងបានបន្តថា នៅទីក្រុងកោះពេជ្រ នឹងមានគំរោងធំៗជាច្រើនទៀត ព្រោះរហូតមកទល់ពេលនេះផ្ទៃដីនៃកោះទាំងមូល ទើបបានប្រើប្រាស់អស់ប្រមា​ណ​៥០ភាគរយប៉ុណ្ណោះ ខណៈផែនការមេរបស់ក្រុមហ៊ុនOCIC នឹងរៀបចំផ្លូវដើរ និងតំបន់កម្សាន្តនាពេលរាត្រី នៅជុំវិញកោះនេះផងដែរ។

ក្រុមហ៊ុនOCIC ក៏គ្រោងរើសាលពិព៌ណ និងសន្និបាតកោះពេជ្រចេញ ហើយយកទៅរៀបចំនៅទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here