ការផ្គត់ផ្គង់អាផាតម៉ិនកើនដល់២៩៥១យូនីត ខណៈវិស័យនេះរំពឹងថានឹង ងើបឡើងវិញនៅឆមាសទី២ឆ្នាំនេះ

0

ដោយៈប៊ី

ភ្នំពេញៈ គម្រោងអាផាតម៉ិនថ្មីមួយ ត្រូវបានបញ្ចប់នៅភ្នំពេញនៅត្រីមាសទី៤ ឆ្នាំ២០២០ ខណៈអាផាតម៉ិនថ្មីនេះ ចូលចំណែក១១២យូនីតក្នុងទីផ្សារអាផាមិន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

អាផាតម៉ិនថ្មីនេះ គឺជាគម្រោងរបស់ក្រុមហ៊ុន SunCity ដែលបើកគម្រោងទី២ (SunCity Bassac) របស់ខ្លួននៅទីក្រុងភ្នំពេញ ដោយបន្ថែម១១២យូនីតចូលទៅក្នុងទីផ្សារ។ ការបន្ថែមនេះ ធ្វើឱ្យចំនួនយូនីតអាផាតម៉ិនសរុបកើនដល់២.៩៥១យូនីត។

ទោះបីជាយ៉ាងក៏ដោយ វិស័យអាផាតម៉ិននេះ មិនមានការដាក់ឱ្យដំណើរការថ្មីនៅក្នុងត្រីមាសចុងក្រោយ ឆ្នាំ២០២០ទេ ក្រៅពីគម្រោងខាងលើ ខណៈគម្រោងខាងលើគឺគម្រោងតែមួយគត់ ដែលត្រូវបានដាក់ដំណើរការក្នុងទីផ្សារនៅឆ្នាំ២០២០។

អត្រាជួលនៅត្រីមាសទី៤ ឆ្នាំ២០២០ មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយក្នុងអត្រាជួលជាមធ្យម នៅទូទាំងអាផាតម៉ិនកម្រិតA មានតម្លៃ២.៤៦០ដុល្លារក្នុងមួយខែ ធ្លាក់ចុះ១៣.៤៥% និងកម្រិតB មានតម្លៃ១.៨១០ដុល្លារធ្លាក់ចុះ១០.០៨% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៩។ អាផាតម៉ិន៣បន្ទប់គេង និង Penthouse បានធ្លាក់ចុះខ្លាំង។

បញ្ហាដែលបណ្តាលឱ្យមានការធ្លាក់ចុះនៅឆ្នាំ២០២០ ដោយសារសណ្ឋាគារជាច្រើនផ្តល់ការជួលរយៈពេលវែង ដែលធ្វើឱ្យមានការប្រកួតប្រជែង និងរំខានដល់ការធ្វើដំណើររបស់ជនបរទេសក្នុងការវិលត្រឡប់ទៅវិញ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍កាលពីថ្មីៗនេះថា ទីផ្សារដែលជួបបញ្ហាខ្លាំង គឺការជួលអាផាតម៉ិនមានការធ្លាក់ចុះខ្លាំងនៅចុងឆ្នាំ២០២០នេះ ប៉ុន្តែលោកស្រីរំពឹងទុកថា ទីផ្សារនេះនឹងងើបឡើងវិញនៅត្រីឆមាសទី២ ឆ្នាំ២០២១នេះ។

លោកស្រី អាន សុធីតា បានបញ្ជាក់ថា “សម្រាប់ទីផ្សារផ្នែកដទៃក៏មានការប៉ះពាល់ខ្លះដែរ ប៉ុន្តែមិនសូវជាធ្ងន់ធ្ងរខ្លាំងដូចជាទីផ្សារអាផាតម៉ិននោះទេ ជាពិសេសនៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២០តែម្ដង”។

លោកស្រីថា នៅចុងឆ្នាំ២០២០នេះ បើធៀបទៅនឹងទៅចុងឆ្នាំ២០១៩ ទីផ្សារនៃការជួលអាផាតម៉ិន ត្រូវបានធ្លាក់ចុះតម្រូវការប្រមាណ៨០ភាគរយ ពោលគឺឧទាហរណ៍ថានៅចុងឆ្នាំ២០១៩ មានអ្នកជួលស្នាក់នៅចំនួន១០០នាក់ បច្ចុប្បន្ននៅសល់ត្រឹមតែប្រមាណ២០នាក់តែប៉ុណ្ណោះ។ ហេតុផលដែលធ្វើឱ្យមានការធ្លាក់ចុះចំនួន នៃតម្រូវការគឺបណ្តាលមកពីវិបត្តិដែលកំពុងកើត”។

ជាមួយនឹងការលើកឡើងពីផលប៉ះពាល់ខាងលើនេះ លោកស្រីអាន សុធីតា ក៏បានបង្ហាញពីការព្យាករណ៍ផងដែរថា ទីផ្សារជួលអាផាតម៉ិន នឹងវិលទៅរកភាពល្អប្រសើរវិញនៅត្រឹមឆមាសទី២ឆ្នាំ២០២១ ក្រោយពិភពលោកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺ ដែលកំពុងកើតមាននៅពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here