ដោយ៖ រ៉ាណេត
ភ្នំពេញ៖ បើទោះបីគម្រោងសាងសង់ស្ពានឆ្ពោះទៅកាន់តំបន់អរិយក្សត្រមិនទាន់ចេញជារូបរាងង្គក៏ដោយ ក៏បច្ចុប្បន្នដីធ្លីនៅក្នុងនៅក្នុតំបន់នេះនៅតែមានតម្រូវការខ្ពស់ពីក្រុមអ្នកអភិវឌ្ឍន៍លំនៅឋាន បុរី និងឈ្មួញអចលនទ្រព្យផ្សេងៗជាច្រើន។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានឱ្យដឹងថា តំបន់អរិយក្សត្រនាពេលបច្ចុប្បន្ននេះ មានអ្នកអភិវឌ្ឍន៍ និងឈ្មួញដីធ្លីជាច្រើនបានសម្រុកទៅកាន់តំបន់នេះដើម្បីស្វែងរកទិញដីធ្លីសម្រាប់អភិវឌ្ឍ និងទុកលក់យកចំណេញ ខណៈតម្លៃដីធ្លីនៅតំបន់នេះមានស្ថានភាពធូថ្លៃ។
លោកស្រីតាំង ហួរបន្តថា “ភាគច្រើនដែលអ្នកស្វែងរកទិញដីនៅតំបន់នេះ គឺសម្រាប់ធ្វើការអភិវឌ្ឍន៍បុរី និងលំនៅឋាន និងមួយចំនួនទៀត គេទិញទុកលក់យកចំណេញ ដោយសារគម្រោងស្ពានឆ្លងកាត់ទន្លេ និងផ្លូវក្រវ៉ាត់ក្រុងបុកចូលទៅកាន់តំបន់នេះដែលជាហេតុធ្វើឱ្យមានការទាក់ទាញកាន់តែខ្លាំងលើការវិនិយោគដីធ្លី និងម្យ៉ាងតំបន់នេះ នៅជិតក្រុងភ្នំពេញ” ។
លោកស្រីបន្ថែមថា “សម្រាប់ដីធ្លីនៅតបន់នេះ លែងមានទំហំៗហើយ មានតែតូចៗ ព្រោះគេដើរប្រមូលទិញអស់ហើយ តែសម្រាប់តម្លៃវិញគឺទៅតាមទីតាំង និងកន្លែងដែលមានសក្តានុពល និង ជាប់គម្រោង តែយ៉ាងបច្ចុប្បន្ននេះ មានប្រជាជនរស់នៅច្រើននៅក្នុងតំបន់នេះ” ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានឱ្យដឹងដែរថា ដែនដីអរិយក្សត្រដែលស្ថិតនៅភាគខាងកើតនៃរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរដែលទៅថ្ងៃអនាគតខាងមុខនេះ អាចក្លាយទៅជាទីក្រុងរណបថ្មីមួយទៀត ។
លោកឧកញ៉ា បន្តថា បច្ចុប្បន្នមានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន កម្រិតមធ្យមមួយចំនួនកំពុងតែធ្វើកសកម្មភាពសាងសង់ នូវគម្រោងរបស់ខ្លួនដែលសកម្មភាពទាំងអស់នេះ បានជំរុញឱ្យមានតម្រូវការប្រើប្រាស់ដីធ្លី និងតម្លៃកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ទីប្រជុំជន។
លោកបញ្ជាក់ថា ” អ្វីជាឧបសគ្គសម្រាប់តំបន់អរិយក្សត្រគឺរង់ចាំវត្តមានស្ពានចម្លងតភ្ជាប់ពីតំបន់ស្វាយជ្រុំមកកាន់តំបន់ជ្រោយចង្វារប៉ុណ្ណោះ” ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីកន្លងទៅនេះ បានប្រកាសពីការសាងសង់ស្ពានចំនួន ២កន្លែង ដើម្បីតភ្ជាប់តំបន់អរិយក្សត្រ មកកាន់រាជធានីភ្នំពេញ ហើយក៏ជាផ្នែកមួយនៃការតភ្ជាប់ផ្លូវក្រវ៉ាត់ក្រុងផងដែរ។
សម្តេតេជោថ្លែងថា “ដើម្បីសាងសង់ផ្លូវក្រវ៉ាត់ក្រុងពិតប្រាកដមួយ យើងត្រូវសាងសង់ស្ពានមួយតភ្ជាប់ពីកំពង់ចម្លងជ្រោយចង្វារ ទៅស្វាយជ្រំ ហើយមួយទៀតត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ដែលតភ្ជាប់រវាងតំបន់អរិយក្សត្រ និងក្តីតាកុយ” ។
ផែនការនៃការសាងសង់ស្ពាននេះ បានក្លាយជាចលករមួយក្នុងការរុញច្រានទីផ្សារអចលនទ្រព្យជាពិសេសដីធ្លីនៅតំបន់អរិក្សត្យនេះមានភាពរស់រវើក បើទោះបីមិនទាន់មានកាលបរិចេ្ចទជាក់លាក់ណាមួយក្នុងការសាងសង់ស្ពានទាំងនោះនៅឡើយ៕