អ្នកជំនាញៈក្រុងភ្នំពេញនឹងបន្តរីកខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបនឹងកំណើនប្រជាសាស្ត្រ និងតម្រូវការទីផ្សារ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា កំណើនសេដ្ឋកិច្ច កំណើនប្រជាសាស្ត្រ និងតម្រូវការទីផ្សារ នឹងធ្វើឱ្យទំហំទីក្រុងបន្តរីកកាន់តែធំបន្ថែមទៀត ខណៈទីក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលទាក់ទាញការវិនិយោគ និងការធ្វើពាណិជ្ជកម្មខ្លាំងជាងគេនៅកម្ពុជា។

លោកសាស្ត្រាចារ្យទួស សាភឿនអគ្គលេខាធិការរងនៃគណៈស្ថាបត្យករកម្ពុជាបា​នថ្លែងប្រាប់Propertyarea.asia កាលពីសប្តាហ៍មុនថា ភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ហើយជាចំណុចកណ្តាលមួយ ដែលមានការវិនិយោគ ការរស់នៅ និងការធ្វើពាណិជ្ជកម្មច្រើន ដូច្នេះនឹងមានតម្រូវការទីផ្សារខ្ពស់។

លោកបានថ្លែងថា “យើងគិតថា ទីក្រុងភ្នំពេញមានទំហំធំ ប៉ុន្តែសម្រាប់ខ្ញុំគិតថា វាមិនធំនោះទេ។ ពីមួយថ្ងៃទៅមួយថ្ងៃ ឥទ្ធិពលនៃទីក្រុងភ្នំពេញ បានរីកសាយទៅតំបន់ជិតខាង ដែលនឹងធ្វើឱ្យទីក្រុងភ្នំពេញ ត្រូវការពង្រីកខ្លួនបន្ថែម ដើម្បីឆ្លើយតបនឹងតម្រូវការទាំងអស់ទាំងនេះ”។

លោកលើកបែបនេះ សំដៅកាន់តម្រូវការទីផ្សារ កំណើនប្រជាជន និងកំណើនសេដ្ឋកិច្ច។

លោកបានថ្លែងទៀតថា ក្នុងរយៈពេលចុងក្រោយនេះ ការសាងសង់អាគារខ្ពស់ៗ បានកើតឡើងច្រើន ហើយទោះបីជាមានវិបត្តិកូវីដ១៩ ការសាងសង់អាគារខ្ពស់ៗ នៅតែកើតឡើង ប៉ុន្តែមិនច្រើនដូចមុនសម័យកូវីដនោះទេ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ផងដែរថា សម្រាប់ផែនការនៃការបង្កើតខណ្ឌថ្មី បានផ្តល់ផលប្រយោជន៍សំខាន់ៗជាច្រើន ដែលក្នុងនោះរួមមានការពង្រីករដ្ឋបាលសាធារណៈ វិស័យសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។

លោកបានបន្តទៀតថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ របស់រដ្ឋាភិបាល​នេះ ជាតំបន់ដែលមានសក្ដានុពលខ្លាំង ដែលអាចបម្រើនូវផលប្រយោជន៍ជាច្រើន”។ លោកបន្តថា “ក្រោយពេលមានស្ពានឆ្លងកាត់ ខណ្ឌថ្មីនេះនឹងមានសកម្មភាពលើវិស័យផ្សេងៗជាច្រើន ជាពិសេសបម្រើដល់វិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹកផងដែរ”។

លោកបន្តទៀតថា នៅពេលមានការអភិវឌ្ឍ នឹងទាក់ទាញមនុស្សឱ្យចូលទៅរស់នៅកាន់តែច្រើន ដែលអាចនឹងអភិវឌ្ឍន៍ទៅជាទីក្រុងរណបថ្មីៗទៀត ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here