ការដ្ឋានសំណង់ជាង១ពាន់ការដ្ឋានផ្អាកដំណើរការនៅខេត្តព្រះសីហនុក្នុងឆ្នាំ២០២០

0

        ដោយៈលក្ខិណា

ព្រះសីហនុៈ នៅក្នុងស្ថានភាពដែលកម្ពុជា និងពិភពលោកជួបវិបត្តិដោយសារតែកូវីដ១៩ វិស័យជាច្រើនរួមទាំងវិស័យសំណង់ក្នុងខេត្តព្រះសីហនុ ប្រមាណ១ពាន់ការដ្ឋានបានផ្អាកដំណើរការសាងសង់ក្នុងឆ្នាំ២០២០។

យោងតាមគេហទំព័រមួយប្រចាំខេត្តព្រះសីហនុ បានដកស្រង់សម្ដី លោកឃាង ភារម្យអ្នកនាំពាក្យសាលាខេត្តព្រះសីហនុឱ្យដឹងថា ខេត្តព្រះសីហនុក៏បានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ដែរ ក្នុងឆ្នាំ២០២០ ដោយមានសំណង់ ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែងបានផ្អាកដំណើរការ តែសំណង់ប្រមាណ៩០កន្លែង ដែលជាការវិនិយោគរបស់ជនជាតិខ្មែរ គឺនៅដំណើរការធម្មតា ។

លោកបន្តថា “ក្នុងខេត្តព្រះសីហនុ មានផលប៉ះពាល់ខ្លាំងមែនទែន  ដោយភាគច្រើនប៉ះពាល់ជាមួយនឹងវិនិយោគិនបរទេស ដែលក្នុងនោះចិនច្រើនជាងគេ”។លោកបន្តថា “ប៉ុន្តែនៅពេលស្ថានភាពជំងងឺកូវីដ១៩ អាចគ្រប់គ្រងបាននៅទូទាំងពិភពលោក ដែល​ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍អាចធ្វើដំណើរឡើងវិញ ខ្ញុំជឿថាសេដ្ឋកិច្ចខេត្តព្រះសីហនុនឹងមានភាពល្អប្រសើរឡើងវិញ”។

លោកឃាង ភារម្យបានបន្តថា ក្នុងបរិបទជំងឺកូវីដ១៩ វាជាវិបត្តិសកល ដែលមិនមែនមានតែកម្ពុជានោះទេ ហើយវិបត្តិនេះបានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ។ ជាក់ស្ដែង ដូចជា វិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញ ឃើញថាក្នុងឆ្នាំ២០២០ សកម្មភាពនៃការសាងសង់ គឺមានការថយចុះ ដោយសំណង់ដែលបានសាងសង់ទាំងអស់មានចំនួន១,៥១៤ទីតាំង ក្នុងនោះមានសំណង់តែ៨៩ទីតាំងប៉ុណ្ណោះ កំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ គឺមានការផ្អាកការសាងសង់ទាំងអស់ ។

លោកបញ្ជាក់ផងដែរថា រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រះសីហនុ មានសំណង់សរុបបានអនុញ្ញាតឱ្យសាងសង់ មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤.៧៣៦.៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុបជាង៨ពាន់លានដុល្លារអាមេរិក។

លោកប៉ូ អ៊ាវគង់ប្រធានក្រុមហ៊ុនអចលនទ្រព្យ Advance បានឱ្យដឹងផងដែរថា នៅក្នុងខេត្តព្រះសីហនុ វិស័យអចលនទ្រព្យហាក់មានកំនើនលឿនពេក កាលពីមុនប៉ុន្មានឆ្នាំមុន ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅក្នុងខេត្តនេះ មានតម្លៃខ្ពស់ធៀបនឹងខេត្តផ្សេងទៀត ដោយភាគច្រើនអ្នកវិនិយោគគឺជាជនជាតិចិន។

លោកបន្តថា នៅពេលពិភពលោកជួបវិបត្តិនៃជំងឺកូវីដ១៩ ធ្វើឱ្យបរទេសមិនអាចចេញចូលប្រទេសដោយសេរី ដើម្បីស្វែងរកការវិនិយោគ ដូច្នេះទើបចំនួនជនបរទេសក៏ដូចជាវិនិយោគិនបរទេសចូលមកកម្ពុជា បានធ្លាក់ចុះបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០២០មក៕

LEAVE A REPLY

Please enter your comment!
Please enter your name here