ដោយ ៖ រ៉ាណេត
សៀមរាប ៖ ខុសពីការរំពឹងរបស់បណ្តាអ្នកវិនិយោគមួយចំនួនចំពោះទីផ្សារដីធ្លីដែលស្ថិតនៅតំបន់ផ្លូវក្រវាត់ក្រុងខេត្តសៀមរាប ដោយតម្លៃមានការកើនឡើងខ្ពស់ហួសការរំពឹងទុករហូតដល់៣ដង ឬលើសពីនេះអាស្រ័យទៅតាមទីតាំងដែលមានគម្រោងអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន។
នាយិការក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ និងអចលនទ្រព្យបន្ទាយស្រី លោកស្រីជិន លក្ខិណា បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះថា តម្លៃទីផ្សារដីធ្លីនៅក្នុងខេត្តសៀមរាបនៅពេលបច្ចុប្បន្នមានការប្រែប្រួលមិនដូចគ្នាទេ ពោលគឺមានតំបន់ខ្លះនៅទ្រឹង តំបន់ខ្លះកើនឡើងខ្ពស់ហួសការរំពឹងទុក។
លោកស្រីបញ្ជាក់ថា “នៅក្នុងខេត្តសៀមរាបមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ហើយទីផ្សារអចលនទ្រព្យដែលស្ថិតនៅក្បែរគម្រោងទាំងនោះមានការកើនឡើងខ្ពស់ ជាពិសេសនៅក្បែរតំបន់អភិវឌ្ឍន៍ព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មីស្ថិតនៅស្រុកសូទ្រនិគម និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលបម្រើដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មស្ថិតនៅក្នុងស្រុកបន្ទាយស្រី”។
លោកស្រីបន្តថា “សន្ទុះនៃការកើនឡើងតម្លៃអចលនទ្រព្យមិនដូចគ្នាទេ ដូចជានៅក្នុងក្រុងសៀមរាបតម្លៃហាក់នៅទ្រឹងបើទោះជាមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យដែលកើនឡើងជាពិសេសផ្នែកដីធ្លីគឺស្ថិតនៅតំបន់អភិវឌ្ឍន៍គម្រោងព្រលានយន្ដហោះអន្តរជាតិសៀមរាបថ្មី និងតំបន់ផ្លូវក្រវាត់ក្រុង។ សម្រាប់ដីនៅតំបន់ក្រវាត់ក្រុងផ្លូវហាយវេស្ថិតនៅក្នុងស្រុកបន្ទាយស្រីមានការកើនឡើង៣-៤ដង ឬលើសពីនេះបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ពោលគឺមានឡើងពីតម្លៃ២ដុល្លាររហូតដល់១០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយតម្លៃនេះគិតត្រឹមតែប្រភេទដីដែលត្រូវបានគេរៀបចំអភិវឌ្ឍន៍ជាគម្រោងដីឡូតិ៍តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់តម្លៃដីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានគឺមានតម្លៃខ្ពស់ជាងនេះ”។
លោកស្រីបញ្ជាក់ថា “ចំពោះទីតាំងដែលស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីភាគច្រើនមិនសូវមានគម្រោងដីឡូតិ៍នោះទេ ប៉ុន្តែមានគម្រោអភិវឌ្ឍន៍ជាប្រភេទផ្ទះល្វែងដែលត្រូវបានដាក់លក់ក្នុងតម្លៃសមរម្យជាប់ពីជាង២ម៉ឺនដុល្លារឡើងទៅ ឬខ្ពស់ជាងនេះអាស្រ័យទៅតាមប្រភេទសំណង់ និងទីតាំងដែលមានសក្ដានុពល។ ដោយឡែកសម្រាប់ដីធ្លីនៅក្នុងស្រុកប្រាសាទបាគងគឺមិនសូវមានការទិញលក់នោះទេ ព្រោះភាគច្រើនស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងដោយអាជ្ញាធរអប្សរា”។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកខ្ពស់ក្នុងការអភិវឌ្ឍននៅទូទាំងខេត្តសៀមរាប ជាពិសេសនៅក្នុងក្រុង តាមរយៈការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ទាំង៣៨ខ្សែ រួមជាមួយនឹងគម្រោងផ្សេងៗទៀតជាច្រើនដើម្បីបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍ ក៏ដូចជាការវិនិយោគ និងពាណិជ្ជកម្ម។
លោកបន្តថា “ទន្ទឹមនឹងនេះ ខេត្តសៀមរាបក៏កំពុងតែមមាញឹកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប ហើយនៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះស្ថាបនារួចរាល់ និងជួយលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ក៏ដូចជាខេត្តសៀមរាប ពិសេសបានរួមចំណែកយ៉ាងខ្លាំងដល់សក្តានុពលទេសចរណ៍ និងអាជីវកម្ម ការវិនិយោគក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរថែមទៀត សម្រាប់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តសៀមរាបទាំងមូល”៕