ផ្សារទំនើបសហគមន៍ចំនួន៥បានបើកដំណើរការខណៈអត្រាជួលបន្តធ្លាក់ចុះ

0

ដោយៈ ប៊ី

ភ្នំពេញៈ ផ្សារទំនើបសហគមន៍ចំនួន៥បានដាក់ដំណើរការ ដោយបានបន្ថែមចំនែ​កថ្មីចំនួណ៤០,៦៥០ម៉ែត្រក្រឡា នៅក្នុងទីផ្សារកាលពីឆ្នាំ២០២០ កើនឡើង១៧,៦ភាគរយបើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីពេលថ្មីៗនេះ។

អត្រាកាន់កាប់នៅផ្សារទំនើប (ទីផ្សារលក់រាយ) នៅក្នុងត្រីមាសទី៤ឆ្នាំមុន បានធ្លាក់ចុះ៥.៥ភាគរយ បើធៀបនឹងត្រីមាសទី៣ ខណៈអត្រាកាន់កាប់ ធ្លាក់ចុះ៥,៩ភាគរយក្នុងឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩។

របាយការណ៍ដដែលបានបញ្ជាក់ថា ការធ្លាក់ចុះនៃអត្រាកាន់កាប់បានកើតឡើង ដោយសារការកើនឡើង នៃការផ្គត់ផ្គង់ក្នុងឆ្នាំ២០២០ ស្របពេលដែលភាពប្រឈមនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ព្រឹត្តិការណ៍២៨ វិច្ឆិកា ដែលបណ្តាលឱ្យមានការបិទជាបណ្តោះអាសន្ន នូវកន្លែងលក់រាយមួយចំនួន ធ្វើឱ្យអត្រាកាន់កាប់មានការធ្លាក់ចុះ។

ជាមួយគ្នានេះ តម្លៃជួលនៅក្នុងទីផ្សារលក់ បានបង្ហាញលទ្ធផលចម្រុះ នៅត្រីមាសទី៤ ទាំងតម្លៃជួលនៅផ្សារទំនើបក្នុងតំបន់សំខាន់ៗ និងបណ្តោយផ្លូវសំខាន់ៗ មិនមានការផ្លាស់ប្តូរនោះទេ ខណៈទីផ្សារលក់រាយនៅតំបន់ផ្សេងទៀត មានការធ្លាក់ចុះ៥,៩ភាគរយ។

ដោយឡែកតម្លៃជួលនៅទីផ្សារទំនើបបែបសហគមន៍ ក៏មានការធ្លាក់ចុះ៣.៣ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២០ ធៀបនឹងត្រីមាសទី៣។

ជាមួយគ្នានេះ ក្រុមហ៊ុន CBRE បានផ្ដល់អនុសាសន៍ថា ក្រុមហ៊ុនលក់រាយគួរតែកែលម្អយុទ្ធសាស្ដ្រទីផ្សាររបស់ខ្លួន តាមរយៈការបង្កើតទំនាក់ទំនងសាធារណៈដ៏ល្អ បង្កើតព្រឹត្តិការណ៍កាន់តែច្រើន និងបង្កើនការផ្សព្វផ្សាយឱ្យបានទូលាយ។ល។ ជាមួយគ្នានេះដែរ ក៏ត្រូវប្រើប្រាស់នូវប្រព័ន្ធឌីជីថល ដើម្បីកែលម្អបទពិសោធរបស់អតិថិជន តាមរយៈការទូទាត់ដោយគ្មានសាច់ប្រាក់QR កូដ ការដឹកជញ្ជូនអនឡាញ និងទីផ្សារបណ្ដាញសង្គម។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here