ក្រុមហ៊ុន PTT ត្រៀម​ទុន ២,៥ពាន់​លាន​ដុល្លារ​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

0

ដោយ:សុខុម

បាងកក: ក្រុមហ៊ុន​ប្រេងឥន្ធនៈ និង​អាជីវកម្ម​លក់រាយ​ខ្នាត​យក្ស​របស់​ថៃ PTT Oil and Retail Business (PTTOR) ដែល​គេ​ស្គាល់​ថា PTT គ្រោង​ចំណាយ​ដើមទុន​រហូតដល់​ប្រមាណ២,៥ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ផែនការ​ពង្រីក​អាជីវកម្ម​ស្នូល​ទាំង៣ របស់ខ្លួន​ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៥ ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី Jiraphon Kawswat អគ្គនាយិកា​ស្ដីទី​នៃ​ក្រុមហ៊ុន​នេះ។

យោងតាម​កាសែត The Nation ចុះផ្សាយ​កាលពី​ថ្ងៃទី២១ ខែមករា បានឱ្យដឹងថា ក្នុងចំណោម​ដើមទុន​សរុប យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ ចំនួន ៣៤,៦% នឹងត្រូវ​យកទៅ​វិនិយោគ​លើ​អាជីវកម្ម ប្រេងឥន្ធនៈ ២៨,៦ភាគរយ វិនិយោគ​លើ​អាជីវកម្ម​មិនមែន​ប្រេង និង ២១,៨ភាគរយ វិនិយោគ​លើ​អាជីវកម្ម​អន្តរជាតិ​របស់ខ្លួន។ ហើយ​សល់ ១៥% ទៀត​នឹងត្រូវ​វិនិយោគ​លើ​អាជីវកម្មផ្សេងៗទៀត និង​លើ​ការស្វែងរក​ឱកាស​អាជីវកម្មថ្មី។

លោកស្រី Jiraphon Kawswat បាន​គូសបញ្ជាក់ថា សម្រាប់​អាជីវកម្ម​ប្រេងឥន្ធនៈ​របស់ខ្លួន ក្រុមហ៊ុន​មាន​គម្រោង​បង្កើន​ស្ថានីយ​ប្រេង PTT នៅក្នុង​ប្រទេស​ថៃ ពី​ចំនួន១.៩៨៦ស្ថានីយ ដល់ ៣.១០០ស្ថានីយ ត្រឹម​ឆ្នាំ២០២៥ ។

សម្រាប់​អាជីវកម្ម​មិនមែន​ប្រេងឥន្ធនៈ​របស់ខ្លួន ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ហាង​កាហ្វេ Cafe Amazon ក្នុងប្រទេស​ថៃ ពី​ចំនួន ៣.១៨៦ សាខា​ដល់ ៥.៨០០សាខា។ សម្រាប់​អាជីវកម្ម​អន្តរជាតិ​របស់ខ្លួន ក្រុមហ៊ុន​នឹង​ផ្ដោតលើ​ការពង្រីក​ស្ថានីយប្រេងឥន្ធនៈ និង​សាខា​ហាង​កាហ្វេ Cafe Amazon ក្នុងប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម និង​ហ្វីលីពីន។

ក្រុមហ៊ុន​ក៏​នឹង​បង្កើន​សាខា​ហាង​កាហ្វេ Cafe Amazon នៅក្នុង​ប្រទេស​ចិន បន្ថែមទៀត​ផងដែរ។ បច្ចុប្បន្ន​ក្រុមហ៊ុន PTT មាន​ស្ថានីយប្រេងឥន្ធនៈ រហូតដល់​ទៅ៣២៩ស្ថានីយ​នៅក្នុង​ទីផ្សារ​បរទេស។

លោកស្រី Jiraphon Kawswat បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក៏​នឹង​បើក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី នៅលើ​ផ្លូវសំខាន់ៗទូទាំងប្រទេស​ថៃ ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សាកល​ល្បង​សេវា​កម្មនេះ នៅតាម​ស្ថា​នី​ប្រេងឥន្ធនៈ PTT នៅ២៥ទីតាំង​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here