ដោយៈគីមសាយ
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia ដែលជាក្រុមហ៊ុនអចលនទ្រព្យយីហោដើម ពីសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែ មករា ឆ្នាំ ២០២១ បានចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ជាមួយធនាគារBRED Bank (Cambodia) ដើម្បីសហការផ្តល់សេវាហិរញ្ញវត្ថុ ដល់អ្នកទិញអចលនទ្រព្យតាមបណ្តាញក្រុមហ៊ុន Century 21 Cambodia។
អនុស្សារណៈនៃការយោគយល់គ្នា(MOU)នេះ បានធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ហើយត្រូវបានចុះហត្ថលេខាដោយលោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia និងលោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia)។
លោកSeraj Suttonបានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមន្សសរីករាយ ដែលបានធ្វើជាដៃគូជាមួយធនាគារ BRED Bank ដែលជានបុត្រសម្ព័ន្ធរបស់ធនាគា BRED Banque Populaire ដ៏ល្បីល្បាញ និងជាធនាគារអឺរ៉ុបដំបូងគេនៅកម្ពុជា បើកដំណើរការនៅកម្ពុជាតាំងពីឆ្នាំ២០១៧។
លោក Seraj Sutton ថ្លែងថា “ខ្ញុំជឿជាក់ថាកិច្ចសហការនេះ នឹងមានតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាស ឱ្យកាន់តែល្អប្រសើរទៅដល់អតិថិជន និងវិនិយោគិន ហើយទន្ទឹមគ្នានេះប្រជាជនកម្ពុជា ក៏អាចទទួលបានឱកាសដូចគ្នានេះ ដើម្បីអាចទិញអចលនទ្រព្យតាមក្តីប្រាថ្នារបស់ពួកគេ”។ លោកបញ្ជាក់ថា “អតិថិជនរបស់យើងមិនត្រឹមតែអាចក្លាយជាម្ចាស់កម្មសិទ្ធលំនៅដ្ឋានថ្មីរបស់ពួកគេទេ តែថែមទាំងអាចទទួលបានកម្ចីក្នុងអត្រាការប្រាក់សមរម្យ សេវាឆាប់រហ័ស ទំហំកម្ចីសមតាមតម្រូវការពីធនាគារ BRED Bank (Cambodia)”។
លោក Guillaume Perdon ប្រធាននាយកប្រតិបត្តិនៃធនាគារ BRED Bank (Cambodia) បានលើកឡើងសដៀងគ្នានេះថា យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបានឈានដល់ការចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Century 21 Cambodia។ ធនាគារ BRED Bank Cambodia បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីគាំទ្រដល់ការរីកម្រើនទីផ្សារអចលនទ្រព្យនៅកម្ពុជា។
លោកបន្តថា “យើងខ្ញុំផ្តល់សេវាកម្មធនាគារ ដែលមានស្តង់ដារអន្តរជាតិ ហេតុដូច្នេះហើយ យើងជឿជាក់ថាការផ្តល់សេវាកម្មកម្ចីទិញផ្ទះនេះ បង្ហាញពីគុណតម្លៃរបស់យើងក្នុងទីផ្សារនៅកម្ពុជា”។ លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងនេះ យើងនឹងធ្វើការឆ្ពោះទៅមុខរួមគ្នាយូរអង្វែង និងដោយក្តីរីករាយ”។
ក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលត្រូវបានផ្តល់សិទ្ធជាភ្នាក់ងារលក់ផ្តាច់មុខ របស់គម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា រួមមាន គម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និងគម្រោង LIVING HARMONY ដែលជាគម្រោងផ្ទះវីឡាលំហែកាយនិងខុនដូរប្រណីត រចនាឡើងតាមបែបអ៊ឺរ៉ុប ដែលទីតាំងនៅឃុំព្រៃថ្នង ស្រុកទឹកឈូ ចម្ងាយប្រហែល ១៨ គីឡូម៉ែត្រពីក្រុងកំពត។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទ 061555075៕