ក្រុមហ៊ុនចំនួន២២បានទទួលអាជ្ញាប័ណពីរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍នៅតាមបណ្តាកោះនានាក្នុងក្រុងព្រះសីហនុ

0

ដោយ ៖ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនធំៗចំនួន២២បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឈន៍នៅតាមបណ្តាកោះនានា នៅក្នុងក្រុងព្រះសីហនុ ប៉ុន្តែមានតែកោះតិចតួចប៉ុណ្ណោះត្រូវបានអភិវឌ្ឍន៍តាមផែនការ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២៨ មករានេះថា កន្លងមករាជរដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនជាង២២ ដើម្បីអភិវឌ្ឍន៍នៅតាមបណ្តាកោះនានា ក្នុងនោះមានកោះមួយចំនួនបានកំពុងអភិវឌ្ឍន៍ដូចជា កោះសង្សារ ឬកោះអូន កោះបង កោះរ៉ុង កោះក្របី កោះឬស្សីជាដើម ប៉ុន្តែនៅមានក្រុមហ៊ុនមួយចំនួនទៀត បានទទួលអាជ្ញាប័ណ្ណពីក្រសួងបរិស្ថាន ដើម្បីអភិវឌ្ឍន៍គម្រោងមួយចំនួនផងដែរ។

លោកបន្តថា “បច្ចុប្បន្នភាពយឺតយ៉ាវរបស់ក្រុមហ៊ុនមួយចំនួន ដោយសារពួកគេកំពុងកែសម្រួលMaster Plan ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជាថ្មី ដូចជាករណីកោះពស់ជាដើម”។លោកបន្តថា “ខេត្តព្រះសីហនុមានកោះសរុបចំនួន៣២ ដែលសុទ្ឋតែជាកោះមានភាពស្រស់ស្អាត និងទាក់ទាញទេសចរណ៍”។

បច្ចុប្បន្ននេះក្រុមហ៊ុនRoyal Groupបានវិនិយោគលើកោះរ៉ុង ដែលសម្រេចបាននូវសមិទ្ឋផលមួយចំនួនផងដែរ ខណៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋកោះរ៉ុង សម្រេចបានប្រមាណ៧០ភាគរយរួចហើយ។ ចំណែកការិយាល័យរដ្ឋបាលរបស់ក្រុម បានបញ្ចប់រួចហើយ ដើម្បីឲ្យក្រុមមន្រ្តីអាចធ្វើការបាន។

លោកឃាង ភារម្យក៏បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា កោះ​ពស់បាន និងកំពុងចាប់ផ្តើមអភិវឌ្ឍន៍ឡើងវិញហើយ ដោយក្រុមហ៊ុនចំនួនបីបាននិងកំពុងអភិវឌ្ឍន៍នៅលើកោះនេះ ដែលបច្ចុប្បន្នមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ លើកោះនេះ មានការរៀបចំឆ្នេរ និងក្រុមហ៊ុនទាំងនោះកំពុងរៀបចំMaster Plan អភិវឌ្ឍន៍ជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here