គំរោងវិនិយោគតម្លៃ៣២៧លានដុល្លារត្រូវបានអនុម័ត នៅខេត្តព្រះសីហនុ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើគម្រោងវិនិយោគ និងធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីចំនួន៣៥គម្រោង ដែលមានទឹកប្រាក់៣២៧លានដុល្លារអាមេរិក។

គំរោងទាំងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន២២ គម្រោងថ្មីចំនួន១២ និងគម្រោងមានស្រាប់ចំនួន១ ដែលមានទុនវិនិយោគប្រមាណ៣២៧លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ៣៣៦៣កន្លែង។

គម្រោងទាំង ៣៥នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គម្រោងបង្កើតសួនឧស្សាហកម្ម រោងចក្រកែច្នៃចំណីសត្វរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ គម្រោងសណ្ឋាគារ គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។

ផ្អែកតាមតួលេខនេះ ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន១១៨គម្រោង សម្រាប់ឆមាសទី១ ឆ្នាំ ២០២៥ ក្នុងនោះ អគារជាប់គាំង ចំនួន៥១គម្រោង។ គម្រោងវិនិយោគថ្មីចំនួន៥៤គម្រោ​ង គម្រោងពង្រីកចំនួន៨គម្រោង និងគម្រោងមានស្រាប់ចំនួន ៥ គម្រោង។

កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី ១៧ ដឹកនាំដោយបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ក្រសួងស្ថាប័ន។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា កិច្ចការដែលក្រុមការងារ កំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្នុងអភិក្រម “ជវភា​ពនៃប្រព័ន្ធតួអង្គតែមួយ” ដែលមានសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ។

លោបណ្ឌិតសភាចារ្យបន្ថែមថា ស្របពេលដែលប្រទេសកំពុងជួបប្រទះបញ្ហាប្រឈមខាងក្រៅ ក្រុមការងារត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ក្នុងស្មារតីឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការខ្ពស់ និង សម្របសម្រួល ផ្តល់សេវាដល់ម្ចាស់គម្រោង ដោយរលូន និងរហ័ស ដូចជា ការផ្តល់លិខិត អនុញ្ញាត អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ ជាដើម ដើម្បីឱ្យម្ចាស់គម្រោង អាចដំណើរការគម្រោងបាន និងចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលបានដាក់ចេញ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិ  យាកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរ ក្នុងចំនួនច្រើននិងច្រើនជាតិសាសន៍ សមស្របជាមជ្ឈ​មណ្ឌលនៃការអភិវឌ្ឍពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។

ជាមួយនេះ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន “អត្ថប្រយោជន៍ពិសេស” ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here