ដោយ វុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជានិងថៃបានព្រមព្រៀងគ្នា ក្នុងបើកច្រកព្រុំដែនអន្តរជាតិចំនួន៣បន្ថែមទៀត ដើម្បីរួមចំណែកក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងដឹកញ្ជូនរវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តីរដ្ឋមន្ត្រី ប្រាក់ សុខុន ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅកម្ពុជាលោក Panyarak Poolthup ភាគីទាំងពីរបានឯកភាពគ្នាក្នុងការជម្រុញអោយមានការបើកច្រកព្រុំដែនអន្តរជាតិចំនួន៣បន្ថែមទៀត ស្របតាមការសម្រេចរបស់រាជរដ្ឋភិបាលទាំងពីរ បានឯកភាពជាគោលការក្នុងការបើកច្រើនអន្តរជាតិទាំងបីនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងផ្លាស់ប្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តិជាតិ បានគូសបញ្ជាក់បន្ទាប់ពីជំនួបរវាងភាគីទាំងពីរនាព្រឹកថ្ងៃទី៦ មិថុនាកន្លងមកថា ច្រកអន្តរជាតិទាំង៣ ដែលគ្រោងនឹងបើកអោយដំណើរខាងមុងនេះ រួមមានច្រកអន្តរជាតិ អានសេះ នៅក្នុងខេត្តព្រះវិហារ ច្រកអន្តរជាតិថ្មដារ នៅក្នុងខេត្តពោធិ៍សាត់ និងច្រកអន្តរជាតិជុបគគីស្ថិតនៅក្នុងខេត្តឧត្តមានជ័យ។
លោកបន្តថា ច្រកអន្តរជាតិទាំងបីនេះ ត្រូវបានរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា ដើម្បីបើកឲ្យដំណើរការក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីចម្រុះកាលពីឆ្នាំ២០១៧ កន្លងទៅនេះ ។ តែអ្វីដែលសំខាន់គឺថាភាគីទាំងពីរមកដល់ពេលនេះ មិនទាន់អនុវត្តិស្របតាមការសម្រេចរបស់រដ្ឋាភិបាលនៅឡើយទេ ដូច្នេះជំនួបពិភាក្សារវាង លោកទេសរដ្ឋមន្ត្រី ប្រាក់សុខុន និងឯកអគ្គរាជទូតថៃថ្មីប្រចាំនៅកម្ពុជា ភាគីទាំងពីរបានជាជម្រុញបន្ថែមទៀត ក្នុងការធ្វើយ៉ាងណាឲ្យមានការបើកឲ្យដំណើរការនូវច្រកទាំងបីនេះ ឲ្យបានកាន់តែឆាប់ដែលអាចធ្វើទៅបាន។
ភាគីទាំងពីតបានសំដែងការសារទរ ចំពោះការរីកចម្រើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងឆ្នាំ២០១៧ ដែលបានកើនឡើងទឹកប្រាក់រហូតដល់៦,១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ តែយ៉ាងណាក៏ដោយការកើនឡើងនេះ ហាក់ដូចជាអតុល្យភាពគ្នារវាងប្រទេសទាំងពីរ ដោយភាគីកម្ពុជាស្នើរអោយភាគីថៃ មានយន្តការណាមួយសមស្របដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មនេះ៕