ដោយ៖ លក្ខិណា
ភ្នំពេញ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ដែលបានចរចាជាច្រើនលើកមកហើយនោះ គ្រោងនឹងប្រកាសបញ្ចប់នៅថ្ងៃស្អែក ថ្ងៃទី ០៣ កុម្ភៈ២០២១ ។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈ ២០២១ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ បានចរចាជាច្រើនលើកមកហើយ តាមរយៈវីឌីអូអនឡាញ រវាងក្រុមការងារកម្ពុជា និងកូរ៉េខាងត្បូង បើទោះបីពិភពលោកជួបវិបត្តិកូវីដ១៩ក្ដី។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងកន្លងមកថា កិច្ចព្រមព្រៀងពាណិជ្ជសេរី កម្ពុជា និងកូរ៉េខាងត្បូងគ្រោងនឹងចុះហត្ថលេខានៅក្នុងឆ្នាំ ២០២១នេះ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពីរផ្សេងទៀត រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP ) ក៏គ្រោងនឹងចូលជាធរមាននៅក្នុងឆ្នាំ២០២១នេះដែរ ដោយរដ្ឋសភា និងព្រឹទ្ធសភា កំពុងពិនិត្យលើច្បាប់ដើម្បីសម្រេចនិងដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខាប្រើប្រាស់ជាផ្លូវការ ។
លោកបន្តថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ ចូលជាធរមាន កម្ពុជានឹងអាចនាំចេញទំនិញរបស់ខ្លួនចេញទៅកាន់ប្រទេសដៃគូកិច្ចព្រមព្រៀងបានកាន់តែច្រើន ដែលនឹងជំរុញទីផ្សារផលិតផលកម្ពុជាទៅកាន់អន្តរជាតិបន្ថែមទៀត និងធ្វើឱ្យទំហំពាណិជ្ជកម្មកម្ពុជានិងប្រទេសដៃគូកាន់តែមានកំណើនឡើង។
លោកបានថ្លែងទៀតថា ក្រៅពីការនាំចេញទំនិញហើយ កម្ពុជា ក៏អាចទាក់ទាញបាននូវការវិនិយោគបន្ថែមពីប្រទេសទាំងនោះ ដែលជួយជំរុញកំនើនសេដ្ឋកិច្ចកម្ពុជាបានមួយកម្រិតទៀត។
បច្ចុប្បន្នអ្នកជំនាញរបស់កម្ពុជាកំពុងពិភាក្សានិងជ្រើសរើសមុខទំនិញណាខ្លះដែលត្រូវដាក់ចូលជាអាទិភាពដើម្បីនាំចេញដោយរួចពន្ធ នៅក្នុងកិច្ចព្រមព្រៀង ហើយកម្ពុជាក៏បានសិក្សាលម្អិតផងដែរ ពីអត្ថប្រយោជន៍នៃការចូលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្ដាប្រទេសដៃគូទាំងនោះ។
ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទឹកប្រាក់៨៨៤លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅកាន់ប្រទេសកូរ៉េខាងត្បូងមានតម្លៃ ៣១៧លានដុល្លារអាមេរិក៕