ដោយ ៖ រ៉ាណេត
កែប ៖ កំពង់ផែកោះទន្សាយស្ថិតក្នុងខេត្តកែប កំពុងដំណើរការសាងសង់យ៉ាងរលូនតាមការគ្រោងទុកដែលរហូតមកដល់ពេលនេះជាលទ្ធផលសម្រេចបានប្រមាណ៥៥ភាគរយ និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមចុងខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
លោកម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា កំពង់ផែកោះទន្សាយដែលបានកសាងនេះ ចាប់ផ្ដើមនៅឆ្នាំ២០២០ ហើយបានពន្យាពេល (នៅចុងឆ្នាំ២០២០) រហូតមកដល់បច្ចុប្បន្ននេះ ដោយសារកត្តាពីរ ទី១ ដោយសារកូវីដ និងទី២ ដោយសារលក្ខណៈបច្ចេកទេស តែទោះជាយ៉ាងណា ផែននេះនឹងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២១នេះ។
លោកបានបន្ដទៀតថា កំពង់ផែកោះទន្សាយនេះ បានសាងសង់ឡើងមានផ្ទៃទំហំ ៣,៤៧០ម៉ែត្រការ៉េ ជម្រៅទឹក៤.៧ម៉ែត្រ ដែលអនុញ្ញាតឲ្យតែនាវាដឹកអ្នកដំណើរប្រភេទលេខ១ និងប្រភេទលេខ២ប៉ុណ្ណោះដែលអាចចូលចតបាន ហើយនាវាធំជាងនេះមិនអាចចូលបាននោះឡើយ។
លោកម៉ម ទូច បានបញ្ជាក់ថា “នាវាប្រភេទលេខ១ អាចចេញពីឆ្នេរបានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ផ្ទុកអ្នកដំណើរចាប់ពី៣០នាក់ ទៅ១០០នាក់ ខណៈនាវាប្រភេទលេខ២ អាចធ្វើដំណើរចេញពីឆ្នេរបានចម្ងាយពី ១៦១ ទៅ១៩៣គីឡូម៉ែត្រ អាចផ្ទុកអ្នកដំណើរពី១០០នាក់ ទៅ៣០០នាក់”។
កំពង់ផែកោះទន្សាយនេះ ត្រូវបានសាងសង់ឡើងដើម្បីបម្រើឲ្យតែវិស័យទេសចរណ៍ប៉ុណ្ណោះ ដោយឡែកការដឹកជញ្ជូនទំនិញផ្សេងៗ មិនអាចប្រើប្រាស់បាននោះទេ ព្រោះកំពង់ផែនេះ មានទម្ងន់ផ្ទុកមិនអាចលើសទី១៥តោនបានឡើយ។ កំពង់ផែនេះ បានកំពុងសាងសង់នៅលើទីតាំងផែចាស់ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលមានចម្ងាយពីដីគោក ចូលទៅក្នុងសមុទ្រប្រមាណ ៣០៦ម៉ែត្រ ទទឹង៦៨ម៉ែត្រ ប្រើប្រាស់ថវិការសាងសង់សរុបជិត៥ពាន់លានរៀល៕