ក្រុមហ៊ុនអូស្រ្តាលីនឹងចាប់ផ្តើមទាញយករ៉ែមាសនៅមណ្ឌលគីរីក្នុងត្រីមាសទី២ឆ្នាំនេះ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL ចុះបញ្ជីនៅអូស្រ្តាលី បានឱ្យដឹងកាលពីថ្មីៗនេះថា ទុនវិនិយោគរបស់វា គឺគ្រប់គ្រាន់ហើយ ដើម្បីអភិវឌ្ឍគម្រោងរ៉ែមាសអូខ្វាវ នៅខេត្តមណ្ឌលគីរី និងឈានដល់ផលិតកម្មលើកដំបូងនៅត្រីមាសទី២ ឆ្នាំនេះ។

ក្រុមហ៊ុន Renaissance បានឱ្យដឹងនៅក្នុងរបាយការណ៍ប្រចាំត្រីមាសទី៤ របស់ខ្លួនថា ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី គម្រោងនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមពេលវេលា និងថវិកាអភិវឌ្ឍន៍។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា សាច់ប្រាក់រួមរបស់ខ្លួន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំមុន មានប្រមាណ៧៧លានដុល្លារអូស្រ្តាលី (៥៨,៦ លានដុល្លារអាមេរិក) ដែលបានកត់សម្គាល់ថា ក្រុមហ៊ុនមានមូលនិធិយ៉ាងពេញលេញ ដើម្បីអភិវឌ្ឍគម្រោង។

ក្រុមហ៊ុនមិនទាន់បានប្រកាសពីការពន្យារពេល ឬការផ្លាស់ប្តូរកាលវិភាគសំខាន់ៗនៅឡើយទេ ទោះបីជំងឺរាតត្បាតនៅតែបន្តរារាំងប្រតិបត្តិការ។

ក្រុមហ៊ុនបានឱ្យដឹងថា “ការប្តេជ្ញាចិត្ត និងការតាំងចិត្តរបស់ក្រុមហ៊ុន និងកម្លាំងប្រតិបត្តិការប្រតិបត្តិការរបស់ក្រុមហ៊ុន បានធ្វើឱ្យផលប៉ះពាល់នៃជំងឺកូវីដ១៩ ស្ថិតកម្រិតមួយ មិនមានការពន្យាពេលគម្រោងរហូតមកដល់បច្ចុប្បន្ននេះ”។

ក្រុមហ៊ុនបានឱ្យដឹងទៀតថា “ភាពមិនប្រាកដប្រជាជុំវិញទំនិញដឹកទំនិញអន្តរជាតិ បានបង្កការព្រួយបារម្ភជាបន្ត ចំពោះការអភិវឌ្ឍន៍គម្រោង ប៉ុន្តែបើគិតពីការអភិវឌ្ឍហើយឥឡូវនេះសម្រេចបានប្រមាណ៧៥ភាគរយ ក្នុងការរៀបចំឧបករណ៍ សម្រាប់ផលិតកម្មនៅទីតាំងផ្ទាល់”។

លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានមានប្រសាសន៍ថា ក្រុមហ៊ុនបានបន្តជំរុញសកម្មភាពអភិវឌ្ឍន៍នៅគម្រោងរ៉ែអូខ្វាវ ដោយដំណើរការការងាររៀបចំដី និងការងារបេតុង ស្របគ្នានឹងកាលវិភាគ និងទាន់ពេលវេលាអភិវឌ្ឍន៍។

លោកបានថ្លែងថា “ការអភិវឌ្ឍគម្រោងបានជឿនលឿនគួរឱ្យកត់សំគាល់ ស្របតាមការរំពឹងទុក ដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here