ដោយៈរ៉ាណេត
ភ្នំពេញៈ ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន គឺជាឱកាសដ៏ល្អសម្រាប់យុវជន និងអ្នកផ្សេងទៀតចាប់យកឨកាសនេះ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន ឬចាប់យកមុខចំនួញនានាឲ្យទទួលបានជោគជ័យ។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពជា បានឱ្យដឹងថា នៅក្នុងកាលៈទេសៈពិភពលោក ក៏ដូចជាកម្ពុជាប្រឈមទៅនឹងវិបត្តិជំងឺកូវីដ យុវជន និងអ្នកវិនិយោគ គួរតែសំឡឹងមើលលើវិស័យចំនួន២ គឺវិស័យកសិកម្ម និងឧស្សាហកម្ម ដែលកំពុងមានសក្តានុពលខ្ពស់ និងជាគោលនយោបាយអាទិភាព ក្នុងការលើកស្ទួយពីរាជរដ្ឋាភិបាលកម្ពុជា ។
លោកឧកញ៉ាបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាលនេះ ពិតជាមានសារៈសំខាន់ណាស់នៃអនាគតរបស់យុវជន ក្នុងការប្រកបមុខរបរ ក៏ដូចជាចាប់យកអាជីវកម្ម និងការវិនិយោគ” ។ លោកឧកញ៉ាថា “បើគោលនយោបាយរបស់រដ្ឋាភិបាលល្អហើយ វាជាឪកាសសំរាប់យុវជនគ្រប់រូប ត្រូវចាប់យកមុខជំនាញ ឬមុខរបររៀងខ្លួន” ។
លោកឧកញ៉ាបន្ថែមថា នៅពេលយើងចាប់យកឳកាសហ្នឹង យើងក៏ត្រូវមើលដែរ តើជំនាញអ្វីដែលត្រឹមត្រូវពិតប្រាកដ ដោយសំលឹងមើលនៅខាងមុខថា តើមុខរបរហ្នឹងវាអាចរស់បានរយៈពេលដល់កម្រិតណា។ លោកលើកឧទាហរណ៍ថា “អ្នកខ្លះឃើញតែចំណេញមួយរយៈ ហើយវាអស់ក៏មានដែរ វាដួលបាត់ ដូច្នេះយើងត្រូវតែសម្លឹងឱ្យបានឆ្ងាយ” ។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះបានបន្ថែមថា ការចាប់យកឱកាសនេះ ក៏ត្រូវពឹងលើការព្យាយាម និងគំនិតឆ្លាតវៃរបស់ខ្លួនឯងផងដែរ ដោយលោកឧកញ៉ាលើកឧទាហរណ៍ថា អ្នកលក់ទូរស័ព្ទតូបជាប់គ្នា ឬលក់គុយទាវដូចគ្នា ហេតុអ្វីគេលក់ដាច់ យើងលក់មិនដាច់?គឺវាមិនមែននៅពេលយើងចាប់យក ហើយវាត្រូវទាំងអស់គ្នានោះទេ។ សំខាន់មនុស្សម្នាក់ត្រូវមានភាពឆ្នៃប្រឌិត និងគំនិតឆ្លាតវៃរបស់ខ្លួនឯង ដោយមិនប្រាកដថាយើងហ្នឹងរៀនខ្ពស់ ហើយចេះច្បាប់ ក៏មិនប្រាកដជាជោគជ័យនោះទេ។
លោកបន្តទៀតថា “ហេតុនេះនៅពេលចាប់ឪកាសបានហើយ ត្រូវតែបង្កើតឪកាសខ្លួនឯង ទើបទទួលបានជោគជ័យ ហើយបើយើងមិនបង្កើតឪកាសទេ យើងធ្វើតែម្នាក់ឯង មិនទទួលបានជោគជ័យទេ” ។ លោកបន្តថា “ការបង្កើតនេះ គឺដើម្បីឲ្យអ្នកទៃផ្សេងទៀតបានចូលរួម ទាំងអ្នកនៅក្រោម និងអ្នកនៅលើយើងជាដើម ដែលត្រូវតែពឹងពាក់ទាំងអ្នកជំនួញក្នុងស្រុក និងក្រៅស្រុកដែលមានទុនវិនិយោគជាមួយ” ។
ជាមួយគ្នានេះ លោកបានផ្តល់យោបល់ឲ្យយុវជន ឬអ្នកដែលមានបំណងបង្កើតអាជីវកម្មផ្សេងៗ ត្រូវសំឡឹងមើលការវិនិយោគទៅលើវិស័យកសិកម្ម និងឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ព្រោះវិស័យនេះ កំពុងមានសក្តានុពលសេដ្ឋកិច្ច និងមិនងាយបរាជ័យ ។ ម្យ៉ាងវាស្របទៅហ្នឹងគោលនយោបាយរបស់រដ្ឋាភិបាល និងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម មានផលិតកសិកម្មច្រើន ហើយវិស័យនេះនៅតែមានតម្រូវការជាប្រចាំថ្ងៃ ទោះវិស័យផ្សេងៗដួលរំលំក៏ដោយ។ កាលណាវិស័យនេះដើរហើយ វិស័យសេវកម្ម និងឧស្សាហកម្មក៏នឹងដើរព្រមគ្នាហើយ៕