ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រោយពីស្វែងរកនិងចំរាញ់ជាង១ឆ្នាំ ពេលនេះសាលារាជធានីភ្នំពេញ រកបានហើយនូវក្រុមហ៊ុនឯកជនចំនួន៣ ដើម្បីធ្វើអាជីវកម្ម ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុនឯកជនទាំង៣នោះ រួមមាន ក្រុមហ៊ុនស៊ីនទ្រី (កម្ពុជា) ក្រុមហ៊ុន Mizuda Group Co.,Ltd (ជប៉ុន) និងក្រុមហ៊ុន 800 Super/GAEA (សឹង្ហបុរី)។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីប្រគល់-ទទួលកិច្ចសន្យាស្តីពី ការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ធ្វើនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ការប្រគល់ទទួលកិច្ចសន្យានេះ គឺជាលទ្ធផលមួយនៃកំណែទម្រង់លើការងារគ្រប់គ្រង និងប្រមូលសម្រាមក្នុង រាជធានីភ្នំពេញគឺក្រុមហ៊ុនចំនួន៣ ដែលបានដេញថ្លៃឈ្នះ ក្នុងការផ្តល់សេវាប្រមូល
និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលគណៈកម្មការ ភីអរស៊ី (PRC)ដែលមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ បានប្រើពេលពេញ១ឆ្នាំ ក្នុងការជ្រើសរើសយ៉ាងម៉ត់ចត់ ដោយបានអនុវត្តទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃ ដែលប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដែលត្រូវបានបែងចែកតាមតំបន់ចំនួន០៣ នៅរាជធានីភ្នំពេញ។
លោកបន្តថា តំបន់ចំនួន៣នោះរួមមាន តំបន់ទី១ ផ្តោតលើខ័ណ្ឌចំនួន៥ គឺ៖ ខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន 800 ស៊ូបភើ (SUPER) និងក្រុមហ៊ុន គួបប៊ីល អ៊ែកសិន ហ្វរអ៊ិនវ៉ាយរ៉ឺម៉ឺន អ៊ីវែរនេស ផាប់ប្រឹក លីមីតធីត។
តំបន់ទី២ រួមមានខ័ណ្ឌចំនួន៥ គឺ៖ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌ ដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះដោយក្រុមហ៊ុន ម៉ីស៊ូដា គ្រុប (Mizuda Group Co., Ltd) ។ តំបន់ទី៣ មានខ័ណ្ឌចំនួន៤ គឺ៖ ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន ស៊ិនទ្រី (Cintri_Cambodia)/អេវើបាយ (Everbright China) ។
លោកឃួង ស្រេង បានជម្រុញដល់ប្រតិបត្តិករក្រុមហ៊ុនទាំង៣ សូមប្រតិបត្តិការផ្តល់សេវា ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង នៅតាមតំបន់របស់ខ្លួនឱ្យបានល្អអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ និងសូមអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ សូមសហការជាមួយប្រតិបត្តិករថ្មីទាំង៣នេះឱ្យបានល្អ។
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ សម្តេចតេ ជោ ហ៊ុន សែន បានប្រកាស ជា ផ្លូវការក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីសម្រេចដកសិទ្ធិប្រមូលសំរាម នៅរាជធានី ភ្នំពេញពីក្រុមហ៊ុនស៊ិន ទ្រី ដោយដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រង របស់រដ្ឋជាបណ្តោះអាសន្ន។
សម្តេចតេជោ ក៏បានប្រកាសឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធររាជធានីភ្នំពញ រៀបចំបែងចែកតំបន់ គ្រប់គ្រង និងប្រមូលសំរាម យ៉ាងហោចណាស់៤តំបន់ ហើយដាក់ ឲ្យក្រុមហ៊ុនឯកជន ដេញថ្លៃប្រមូល និងគ្រប់គ្រងសំរាម នៅរាជធានីភ្នំពេញ ដោយក្រុមហ៊ុន១ មានសិទ្ធិទទួលបានតែ១តំបន់ប៉ុណ្ណោះ។
ការដក សិទ្ធិ ពី ក្រុមហ៊ុន ស៊ីន ទ្រី ឈប់ ឲ្យ ប្រមូល សំរាម នៅ ភ្នំពេញ ដោយសារតែ ក្រុមហ៊ុន ផ្តាច់មុខយូរឆ្នាំមកហើយមួយនេះ មិនអាចគ្រប់គ្រង ប្រមូល និងដឹកជញ្ជូន សំរាម ទាន់ពេលវេលា។ ចំពោះការងារ គ្រប់ គ្រង និងប្រមូលសំរាមនេះ ត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២១នេះតទៅ៕